ដោយសារវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ កំពុងតែរាតត្បាតពាសពេញពិភពលោក រហូតបណ្ដាប្រទេសនានាបិទប្រទេស ហើយប្រកាសសង្រ្គាមនោះមកវៀតណាមក៏បានពិភាក្សាគ្នាជាឧភតោភាគីជាមួយនឹងអូស្រ្ដាលី តាមទូរស័ព្ទ ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។
បណ្ដាញផ្សព្វផ្សាយរបស់វៀតណាម Vovworld បានផ្សាយថា លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី៩ ខែមេសា បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងសមភាគីអូស្រ្ដាលី លោក Scott Morrison ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ លោកនាយករដ្ឋមន្រ្ដីបានប្រាប់ដល់សមភាគីអូស្រ្ដាលីថា វៀតណាម អាចគ្រប់គ្រងស្ថានភាពវីរុសកូវីដ១៩បានល្អ នៅក្នុងតំបន់។ ដូច្នេះ វៀតណាម អាចចែករំលែកបទពិសោធ ដើម្បីដោះស្រាយបញ្ហាជំងឺនេះបាន។
ក្រៅពីការពិភាក្សាលើកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ នាយករដ្ឋមន្រ្ដីទាំង២ ក៏បានសន្យាឲ្យក្លាយជាមិត្តភាពយុទ្ធសាស្រ្ដស៊ីជម្រៅ រវាងអូស្រ្ដាលី និងវៀតណាម លើវិស័យទំនាក់ទំនងសំខាន់ៗ មានជាអាទិ៍ ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ អូស្រ្ដាលី និងវៀតណាម ក៏បានពិភាក្សាគ្នាស្វែងរកវិធីសាស្រ្ដ ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ អាកាសចរណ៍ និងប្រជាពលរដ្ឋ នៃប្រទេសទាំង២ ក្រោយរួចផុតពីការរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ។
បើគិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៥៥នាក់ ក្នុងនោះជាសះស្បើយ ១៤៤នាក់។ ដោយឡែកប្រទេសអូស្រ្ដាលី វិញ មានអ្នក ឆ្លង វីរុសនេះ ចំនួន៦១៥២នាក់ ក្នុងនោះស្លាប់៥៣នាក់ និងជាសះស្បើយ ចំនួន២៩៨៧នាក់។ នេះបើយោងតាមតួលេខរបស់វើលដូម៉ែទ័រ ចេញផ្សាយ នៅវេលាខាងលើ៕ ប្រែសម្រួលដោយ Nuon