ភ្នំពេញ៖ កែវ សុខផេង បាននិយាយថា ការរកគ្រាប់សម្រាប់ខ្លួនមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលខ្លួនសប្បាយរីករាយបំផុតនោះគឺ ក្រុមទទួលជ័យជំនះ។
នៅក្នុងរដូវកាលថ្មីនេះ អតីតកីឡាករក្លឹបភ្នំពេញក្រោន និងបឹងកេត កែវ សុខផេង ហាក់មិនទាន់បង្ហាញទម្រង់លេងបានល្អនៅឡើយនោះទេ ដោយរកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងរយៈ ៥ប្រកួតកន្លងមកនេះ។ សុខផេង ក៏បានពន្យល់ពីការលេងមិនសូវត្រូវគ្នានៅតំបន់ប្រយុទ្ធ ដ្បិតកីឡាករមកថ្មីច្រើន ជាហេតុត្រូវការពេលវេលាច្រើន ដើម្បីយល់ចិត្តគ្នា។
តារាឆ្នើមគោព្រៃកម្ពុជារូបនេះប្រាប់ CNCC ថា៖”ការរកគ្រាប់សម្រាប់ខ្ញុំមិនសំខាន់ទេ សំខាន់ឱ្យក្រុមឈ្នះបាន៣ពិន្ទុ គឺខ្ញុំសប្បាយចិត្តហើយ។ អ្នកណាទាត់ចូលក៏បាន អ្នកណាក៏បាន អ្នកចាំទីស៊ុតចូលក៏បាន ឱ្យតែទាត់ចូលខ្ញុំសប្បាយចិត្ត ហើយទទួលបាន៣ពិន្ទុសម្រាប់ក្លឹប”។
សូមជម្រាបថា ក្លិបបាល់ទាត់មានកីឡដ្ឋានទំនើបជាងគេនៅកម្ពុជា វិសាខា បង្ហាញទម្រង់លេងមិនទាន់សមប្រកបនៅឡើយទេក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០នេះ ដោយឆ្លងកាត់ ៥ប្រកួត រកបាន ៩ពិន្ទុ ក្នុងនោះឈ្នះ ៣ ចាញ់ ២ លើក ឈរពីក្រោមក្រុមលេខ១ ភ្នំពេញក្រោន និងក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង៕ ដោយ៖ តារា