ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍នាំយកខ្សែបម្រើសញ្ជាតិអ៊ីតាលី Bryan Cristante របស់ក្លិប AS Roma នៅរដូវក្តៅនេះ។
យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថា ក្លិបសេះបង្កង់ខាងលើមានបំណងចង់នាំយកខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះមកជួយពង្រឹងក្រុមបន្ថែម ក្រោយខ្សែបម្រើ Sami Khedira អាចនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ។
Khedira កំពុងតែត្រៀមចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ បន្ទាប់ពីកុងត្រាជាមួយនឹងក្លិបត្រូវអស់សុពលភាព។ ក្រោយលេងឱ្យក្លិបយក្សនៅអ៊ីតាលីមួយនេះអស់រយៈពេលជាង ៤ឆ្នាំ មកនេះ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ ធ្លាប់ជួយឱ្យក្លិបឈ្នះពានរង្វាន់ Serie A ចំនួន ៤ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ។
ក្រោមការដឹកនាំរបស់លោក Sarri ក្លិប Juventus កំពុងត្រូវការខ្សែបម្រើបន្ថែម បន្ទាប់ពី Khedira មានបំណងចាកចេញនៅឆ្នាំនេះ ម្ល៉ោះហើយលោកបានសម្លឹងឃើញបេក្ខភាពមួយរូបដែលអាចមានសមត្ថភាពជួយក្រុមបាននោះគឺ Cristante។
យ៉ាងណាមិញអ្នកចាត់ការទូទៅក្លិប Roma លោក Paulo Fonseca ហាក់មិនមានបំណងលក់ Cristante ទៅឱ្យ លោក Sarri នៅរដូវក្តៅនេះទេ ដោយលោកកំពុងតែពេញចិត្តនឹងទម្រង់លេងរបស់ខ្សែបម្រើរូបនេះ ហើយចង់ឱ្យបន្តជួយក្លិបនៅរដូវកាលបន្ទាប់ទៀត។
ជាងពាក់កណ្តាលរដូវកាលនេះ Cristante បង្ហាញខ្លួនឱ្យក្លិបបានចំនួន ១៥ប្រកួត រកបាន ១គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២ដង ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato