Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោះលែង​អ្នកទោសតាលីបង់​១០០នាក់

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ បានដោះលែងអ្នកទោស​តាលីបង់​ ចំនួន១០០នាក់ ​កាលពីថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២០ គឺមួយថ្ងៃ ក្រោយពេលក្រុម​ប្រដាប់អាវុធនេះ​ដើរចេញពីកិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាលទីក្រុងកាប៊ុល។នេះបើតាម​មន្ត្រីរដ្ឋាភិបាល​ម្នាក់ ​បានថ្លែងបញ្ជាក់ប្រាប់​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​អាហ្វហ្គានីស្ថាន លោក Javid Faisal បានថ្លែងថា រដ្ឋាភិបាល​សាធារណរដ្ឋអ៊ិស្លាម​អាហ្វហ្គានីស្ថាន ​បានដោះលែងអ្នកទោស​ ចំនួន១០០​នាក់ នៅថ្ងៃនេះ ដោយផ្អែក​លើ​ស្ថានភាព​សុខភាព​ បញ្ហាអាយុ និង​រយៈពេល ​នៃការជាប់នៅក្នុង​មន្ទីរឃុំឃាំងរបស់ពួកគេ។ ការដោះលែងនេះ​ គឺ​ជាផ្នែក​មួយ ​​​នៃកិច្ចខិតខំប្រឹងប្រែង ដើម្បី​ស្ដារសន្តិភាព នៅក្នុងប្រទេសនេះឡើងវិញ។ 

ក្រុមតាលីបង់​បានចោទប្រកាន់​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ថា​ រដ្ឋាភិបាលទីក្រុងកាប៊ុល បានពន្យារពេលវេលា​ដោះលែង​អ្នកទោស តាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក ​នៅទីក្រុងដូហាប្រទេសកាតារ។

សត្រូវទាំងពីរ​​បាននិងកំពុង​ចរចា​​​គ្នា ចាប់​តាំងពី​រសប្តាហ៍មុនមកម្ល៉េះ ​ដើម្បីព្យាយាម​សម្រេច​បានចុងក្រោយ​​នូវការដោះលែង​អ្នកទោស​គ្នា ដើម្បីជំរុញ​ឲ្យមានកិច្ចពិភាក្សា​ ស្ដីអំពីសន្តិភាព ​រវាងទីក្រុងកាប៊ុល និង​ក្រុមតាលីបង់។ 

ការដោះដូរ​អ្នកទោស​បានជួប​នូវឧបសគ្គ​ជាច្រើន ដោយសារ​រដ្ឋាភិបាលកាប៊ុល ​អះអាងថា ក្រុមតាលីបង់​ចង់​ឲ្យដោះលែង​មេបញ្ជាការ​កំពូល​១៥នាក់។ ចំណែក​ក្រុម​តាលីបង់វិញ បាន​ចោទអាជ្ញាធរ​អាហ្វហ្គានីស្ថាន​​ថា កំពុងតែពន្យារពេលឲ្យយូរ និងធ្វើឲ្យខ្ជះខ្ជាយពេលវេលា។

 

គួរបញ្ជាក់ថា អាមេរិក បានចុះហត្ថលេខា​ជាមួយក្រុមតាលីបង់​ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ តម្រូវ​ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ ដែលមិនមែនជាហត្ថលេខី​ នៃកិច្ចព្រមព្រៀងនេះ ដោះលែង​អ្នកទោស​តាលីបង់​ប្រហែល​៥០០០នាក់ ហើយ​ជាការជំនួសមកវិញនោះ ក្រុមតាលីបង់​ក៏នឹងដោះលែង​​​កងកម្លាំងរដ្ឋាភិបាល​ដែលត្រូវពួកគេចាប់បាន ​ចំនួន​១ ០០០នាក់ ។ 

នៅពេល​ភាគទាំងពីរ​បានឈានដល់កិច្ចព្រមព្រៀង​ដោះដូរអ្នកទោសគ្នាហើយនោះ ទីក្រុងវ៉ាស៊ីនតោន​ សន្យាថា នឹងដកកងកម្លាំងបរទេសទាំងអស់​ ចេញពី​អាហ្វហ្គានីស្ថាន​ឲ្យបានមុន នៅខែ​កក្កដា ឆ្នាំ២០២១ ហើយ​ក្រុមតាលីបង់ ត្រូវតែធានា​អំពីសន្តិសុខ​ និងសុវត្ថិភាព នៅក្នុងប្រទេសនេះ។

កាលពីថ្ងៃទី៧ ខែមេសា លោក Suhail Shaheen អ្នកនាំពាក្យ​ នៃ​ការិយាល័យនយោបាយ​ក្រុមតាលីបង់​ មានមូលដ្ឋាន ​នៅប្រទេស​កាតារ បានថ្លែងថា ខ្លួនបាន​ហៅក្រុមចរចា​​ចេញពីទីក្រុងកាប៊ុល ក្នុងរយៈពេលប៉ុន្មាន​ម៉ោង​ ក្រោយ​ពីក្រុមនេះ​បានផ្អាក​ពិភាក្សា​​លើការដោះដូរអ្នកទោស​ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។ 

អ្នកនាំពាក្យ Shaheen បានសរសេរនៅលើ Twitter ថា «ចេតនា​ពន្យារពេលក្នុងការដោះលែង​អ្នកទោស​របស់ពួកគេ ​គឺរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាព។ ហេតុដូច្នេះ​យើងបានហៅ​ក្រុមបច្ចេកទេស​របស់យើង​ចាកចេញពីទីក្រុងកាប៊ុលវិញ» ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9114859