លោក Bernie Sanders សមាជិកព្រឹទ្ធសភា ប្រចាំនៅរដ្ឋ Vermont សហរដ្ឋអាមេរិក បានប្រកាសដកខ្លួន លែងជាអ្នកប្រកួតប្រជែងបេក្ខភាពតំណែងប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យទៀតហើយ។
លោកបានថ្លែងថា “ខ្ញុំបានសន្និដ្ឋានថា ការប្រកួតប្រជែងរបស់ខ្ញុំ សម្រាប់បេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ នឹងមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមប្រកាសផ្អាកយុទ្ធនាការរបស់ខ្ញុំ”។
លោក Sanders បានប្រកាសផ្អាកយុទ្ធនាការរបស់គាត់ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក) ។ លោកបានថ្លែងថា ជ័យជម្នះរបស់លោកមិនអាចទៅរួចនោះទេ។
លោក Sanders អាយុ៧៨ឆ្នាំ បានចាប់ផ្តើមប្រកួតប្រជែងឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ២០២០របស់គណបក្សប្រជាធិបតេយ្យ។ នៅពេលដំបូងទី លោកទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ប៉ុន្តែរហូតដល់រដ្ឋ South Carolina ស្រាប់តែចាញ់សំឡេង លោក Joe Biden ទៅវិញ ។
នេះជាការបោះបង់ចោលលើកទីពីររបស់លោក Sanders នៅក្នុងការប្រកួតប្រជែងបេក្ខភាពប្រធានាធិបតី នៅក្នុងគណបក្សរបស់ខ្លួន។ កាលពីឆ្នាំ២០១៦ លោកបានបោះបង់ចោល បន្ទាប់ពីមិនអាចឈកឈ្នះទៅលើលោកស្រី ហ៊ីឡារី គ្លីនតុន ។
លោក Sanders បានសម្រេចចិត្តបញ្ឈប់យុទ្ធនាការរបស់ខ្លួន ហើយប្រកាសគាំទ្រលោក Biden ពេញទំហឹង ដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ដែលកំពុងមានភាពខ្សោយ លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក។
លោក Sanders បានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមអបអរសាទរចំពោះលោក Joe Biden ជាបុរសម្នាក់សមរម្យណាស់ ហើយខ្ញុំនឹងធ្វើការជាមួយ ដើម្បីផ្លាស់ប្តូរគំនិតរីកចម្រើនរបស់យើងឆ្ពោះទៅមុខ»។
ដូច្នេះចាប់ពីពេលនេះតទៅ ការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ បានចាប់ផ្តើមហើយ រវាងគណបក្សប្រជាធិបតេយ្យ គឺមានបេក្ខភាព Joe Biden និងគណបក្សសាធារណរដ្ឋ មានលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្ន ។
ការស្ទង់មតិរបស់ RealClearPolitics កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា បេក្ខភាព Joe Biden ទទួលបាន៦ពិន្ទុ នាំមុខលោក ដូណាល់ ត្រាំ។ ប៉ុន្តែនៅតែមានភាពច្របូកច្របល់ និងការប្រែប្រួលទៀត នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ៕ ប្រែសម្រួលដោយ៖ thach yat