Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អារ៉ាប៊ីសាអ៊ូឌី​ត​ប្រកាសឈប់បាញ់ និងផ្តល់ជំនួយវាល់លានដុល្លារ ក្រុមហ៊ូធី​តបវិញ ដោយ​មីស៊ីលប៉ាលិស្ទិក

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌី​ត លោក Khalid bin Salman al Saud បានថ្លែង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងផ្តល់ជំនួយមនុស្សធម៌ ចំនួន៥០០លានដុល្លារ ដល់ប្រទេសយេមែន និង២៥លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុស COVID-19 ។

កាលពីថ្ងៃទី៨ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយ​អារ៉ាប៊ីសាអ៊ូឌី​ត បានផ្សាយថា កងកម្លាំងសម្ពន្ធមិត្ត​ដឹកនាំ​ដោយអារ៉ាប៊ីសាអ៊ូឌី​ត បានផ្អាកប្រតិបត្តិការ ​​រយៈពេល​២សប្តាហ៍​ទៀត ។ សកម្មភាពនេះ​ទទួលបានការស្វាគមន៍​ពីប្រេសិតពិសេស​របស់អង្គការសហប្រជាជាតិ ​​ទទួលបន្ទុកកិច្ចការ នៅប្រទេសយេមែន​ គឺលោក Martin Griffiths។

មន្ត្រី​អារ៉ាប៊ីសាអ៊ូឌី​ត បាន​ថ្លែងថា «ថ្ងៃនេះ យេមែន​ប្រហែលប្រឈមមុខ​នឹងគ្រោះមហន្តរាយ​កាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារការឆ្លងរាតត្បាត នៃ​វីរុស COVID-19 ។ នេះជាមូលហេតុ​ ដែលអារ៉ាប៊ីសាអ៊ូឌី​ត ​ប្រកាស​ផ្តល់​ជំនួយ​៥០០លានដុល្លារ ជាជំនួយមនុស្ស​ធម៌ដល់អង្គការសហប្រជាតិ​ សម្រាប់ប្រទេសយេមែន​ ក្នុងឆ្នាំ២០២០ និងជំនួយបន្ថែម​២៥លានដុល្លារ​ផ្សេងទៀត ​ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19»។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌី​ត បានបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់​ រយៈពេល​២សប្តាហ៍​នេះ​ គឺដើម្បីសម្រួលស្ថានការណ៍​កុំឲ្យតានតឹងខ្លាំង​ពេក ​ក្នុងជម្លោះ​នៅប្រទេស​យេមែន ។ លោក Khalid bin Salman al Saud បានបន្តថា «ក្រុមហ៊ូធីត្រូវតែ​បង្ហាញ​ឆន្ទៈល្អ​ចុងក្រោយបំផុត​ ដោយគោរព​ខ្ជាប់ខ្ជួន​​​តាម​ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក Martin Grifiths បញ្ចៀស​កុំឲ្យប្រជាជនយេមែន ​រងទុក្ខសោក​ និងការពារ​ប្រជាជនយេមែន​ ឲ្យគេចផុតពី​ការរាតត្បាត នៃជំងឺ​ COVID-19 ខណៈពិភពលោក​មិនធ្លាប់ជួបប្រទះពីមុនមក»។ 

យេមែន​បានជាប់គាំង​នៅក្នុងសង្គ្រាមហែកហួរ រវាង​រដ្ឋាភិបាល​គាំទ្រដោយអង្គការសហប្រជាជាតិ ដឹកនាំដោយ​ប្រធានាធិបតីនិរទេសខ្លួន លោក Abdrabuh Mansour Hadi  និងជីវពលហ៊ូធី​ស៊ីអ៊ីដ ជាគូប្រជែង​នយោបាយប្រឆាំង​​នោះ​ តាំងពីឆ្នាំ២០១៥រហូតមក ។ ភាគីពាក់ព័ន្ធ​ នៅក្នុងជម្លោះនេះ​ បានចុះហត្ថលេខា​លើកិច្ចឈប់បាញ់​ កាលពីចុងឆ្នាំ​២០១៨ ប៉ុន្តែកិច្ចព្រមព្រៀងនោះអនុវត្ដបានបន្តិច ហើយ​ក្រោយ​មកក៏បាន​ប្រេះឆា​គ្នា​សាឡើងវិញ។

កាលពីចុងខែ​មីនា ឆ្នាំ២០២០ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ​ឲ្យមានកិច្ចឈប់បាញ់​ ​នៅក្នុងជម្លោះ​ទាំងអស់ ជុំវិញពិភពលោក ដោយផ្តោតការយកចិត្តទុកដាក់​លើ​ធាតុពិត​ជាក់ស្តែង ​គឺការ​ «ប្រយុទ្ធដើម្បីរស់រានមានជីវិត» ដោយប្រឆាំង​ជាមួយ​នឹងការឆ្លងរាតត្បាត នៃវីរុស COVID-19 ។ ភាគីជម្លោះ​ក្នុងប្រទេសយេមែន សុទ្ធតែបានសម្តែង​ការសាទរ​ និងគាំទ្រគំនិតផ្តួចផ្តើម​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ប៉ុន្តែ​ការបាញ់ប្រហារ​គ្នា​នៅតែ​មានដដែល ។ 

ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានផ្សាយ​ថា ក្រុមហ៊ូធី​បានបាញ់មីស៊ីលប៉ាលិស្ទិក​ចូលទៅកាន់ទីតាំង​ភាគខាងជើង នៃ​ទីក្រុង Ma’rib របស់យេមែន ដែលគ្រប់គ្រង​ដោយកងកម្លាំង​គាំទ្រដោយរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ។ ការវាយប្រហារនេះ​បានកើតឡើងប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីទីក្រុង​ Riyadh អំពាវនាវ​ឲ្យមានបទឈប់បាញ់​គ្នា ដើម្បីប្រយុទ្ធ​ប្រឆាំងនឹង​ការរាតត្បាត នៃ​វីរុស COVID-19 នៅក្នុងប្រទេសយេមែន​។ 

ការបាញ់ប្រហាររបស់ក្រុមហ៊ូធី បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃ​ទី៩ ខែមេសា ឆ្នាំ២០២០ ហើយគេនៅមិនទាន់ដឹង​ថា មានអ្នកស្លាប់​ ឬរបួស​ប៉ុន្មាននាក់នៅឡើយដែរ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9113884