អាមរិកនឹងបញ្ជូនកម្លាំងទាហាន១ម៉ឺននាក់បន្ថែមទៀតទៅចូលរួមជាមួយក្រុមគ្រូពេទ្យ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ នៅទូទាំងប្រទេស ខណៈពលរដ្ឋឆ្លងកូវីដ-១៩កាន់តែច្រើនឡើង។
លោកឧត្តមសេនីយ៍ Joseph Lengyel មេបញ្ជាការកងទ័ពជាតិអាមេរិក កាលពីថ្ងៃទី៨ ខែមេសា បានប្រកាសថា កម្លាំងទាហានប្រមាណ១ពាន់នាក់ ត្រូវបានដាក់ពង្រាយជារៀងរាល់ថ្ងៃ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។ រីឯការដាក់ពង្រាយទាហានអូសបន្លាយ រយៈពេល២សប្តាហ៍ ដោយមានទាហានសរុបជាង ១ម៉ឺននាក់ ។
បើគិតមកដល់ពេលនេះ អាមេរិកបានដាក់ពង្រាយកម្លាំងទាហានកើនដល់ទៅ ២៨ ៤០០នាក់ ជួយដល់បណ្តារដ្ឋ នៅទូទាំងប្រទេស ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ នៅពេលចាំបាច់បំផុត អាមេរិកនឹងដាក់ពង្រាយទាហានសរុបដល់ទៅ៤៤ពាន់នាក់។
បើមកទល់ពេលនេះ មាន៥៤រដ្ឋ និងដែនដីរបស់អាមេរិក ប្រកាសអាសន្ន ដើម្បីបញ្ជូនកម្លាំងទាហានជាតិ មកចូលរួម ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នៅពេលនេះ អាមេរិកមានអ្នកឆ្លង ជាង៤៣៤ពាន់នាក់ ស្លាប់ជាង១៤៧០០នាក់ និងជាសះស្បើយ ជាង២៣៧០០នាក់។ ប្រែសម្រួលដោយ៖ MEO