យន្តហោះចុះចតលើទឹក ឬហៅថា«កប៉ាល់ហោះ» AG600 បានបង្ហាញវត្តមាន នៅដែនសមុទ្រ នៃខេត្តហ៊ូប៉ី ដើម្បីហោះហើរសាកល្បង ជាលើកដំបូងនៅលើដែនសមុទ្រ ។
បណ្តាញទូរទស្សន៍ជាតិចិន CCTV បានផ្សាយ កាលពីថ្ងៃទី៧ ខែមេសាថា កប៉ាល់ហោះធុនធំ AG600 ស្ថិតក្នុងដំណាក់កាលសាកល្បង ដើម្បីត្រួតពិនិត្យបច្ចេកវិទ្យា។ ការសាកល្បងនេះបានធ្វើឡើង ក្រោយពេលសមាជិក បុគ្គលិកផលិតយន្តហោះ មកពីក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន AVIC វិលត្រឡប់ទៅធ្វើការជាធម្មតាវិញ បន្ទាប់ពីលុបច្បាប់បម្រាមគោចរ ដោយសារតែកូវីដ-១៩ ។
លោក Lu Yang អនុប្រធាន AVIC បាននិយាយទៅកាន់ទូរទស្សន៍ CCTV ថា «យន្តហោះខាងលើ ស្ថិតក្នុងដំណាក់កាលហោះហើរសាកល្បង នៅលើដែនសមុទ្រ»។ លោកបន្តទៀតថា ការហោះហើរនៅលើដែនសមុទ្រ គឺពិតជាមានគ្រោះថ្នាក់ជាងការហោះហើរ នៅលើដីគោក ឬក៏ហោះហើរនៅលើបឹង និងទន្លេ ដោយសារវាមានរលកតូចធំ អាចងាយប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។
កាលពីខែធ្នូ ឆ្នាំ២០១៧ យន្តហោះចុះចតនៅលើទឹក ហើយបានហោះហើរសាកល្បង នៅលើដីគោករួចមកហើយ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង។ លុះមកដល់ឆ្នាំ២០១៨ ចិនក៏បានសាកល្បងហោះហើរនៅលើបឹង ក៏ទទួលបានជោគជ័យបន្ដទៀត។
សារព័ត៌មានចិន ស៊ីនហួ បានផ្សាយថា ការហោះហើរសាកល្បងនៅលើដែនសមុទ្រ គឺជាចំណុចដ៏សំខាន់បំផុត ដោយសារយន្តហោះនេះ គឺត្រូវបំពេញបេសកកម្ម នៅលើដែនសមុទ្រ ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យទាំងស្រុងនោះ «កប៉ាល់ហោះ»AG600 នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២២។
«កប៉ាល់ហោះ» AG600 មានឈ្មោះ Kulong មានប្រវែងដល់ទៅ៣៧ម៉ែត្រ មានចំណុះ៥៣,៥តោន ។ កប៉ាល់ហោះ Kulong ត្រូវបានគេវាយតម្លៃថា វាមានសមត្ថភាពខ្ពស់ជាងកប៉ាល់ហោះ ShinMaywa US-2 របស់ជប៉ុន និង Beriev Be-200 របស់រុស្ស៊ីទៅទៀត៕ ប្រែសម្រួលដោយ៖ MEO