Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សកម្មភាព​ហាត់​ប្រាណ​តាម​ទី​សាធារណៈ​ប្រែ​ស្ងប់ស្ងាត់ នាំ​ឲ្យ​អ្នក​លក់​ដូរ​មួយ​ចំនួន​រអ៊ូលក់​មិន​ដាច់

ភ្នំពេញ៖ បណ្តា​សួន​តាម​ទី​សាធារណៈ ដែល​កន្លង​មក​ធ្លាប់​តែ​មមាញឺក​ខ្លាំង ជាមួយ​សកម្ម​ភាព​ហាត់​ប្រាណ​ ទាំង​ពេល​ព្រឹក ទាំង​ពេល​ល្ងាច ជាមួយ​សំឡេង អ៊ូអរ របស់​មនុស្ស​ម្នា ផ្ទៃ​មុខ​ពោរពេញ​ដោយ​ស្នាម​ញញឹម បែរ​ត្រូវ​ស្ងប់​ស្ងាត់​អំឡុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​សារ​ការ​ភ័យ​ខ្លាច​ពី​វីរុស​កូវីដ ១៩។

ការ​ថម​ថយ​សកម្មភាព​កម្សាន្ត និង​ហាត់​ប្រាណ​នៅ​តាម​ទី​សាធារណៈ​បែប​នេះ អាចមាន​ទំនាក់ទំនង​ជាមួយ​ការ​ភ័យ​ខ្លាច​វីរុសកូវិដ ១៩ ផង ក៏​ដូច​ជាសេចក្តី​ប្រកាស របស់ក្រសួង​អប់រំ យុវជន និង​កីឡា កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​ហាត់​ប្រាណ​នៅ​តាម​ទី​សាធារណៈ​បន្ត​ទៀតផង​ដែរ។

ទន្ទឹម​នឹង​សេចក្តី​ប្រកាស​នេះ តាម​បណ្តា​សួន​សាធារណៈ ហាក់​ចាប់​ផ្តើម​កាន់​តែ​ស្ងប់ស្ងាត់​ជា​សព្វមួយ​ដង ធ្វើ​ឲ្យបង​ប្អូន​ពឹង​ផ្អែក​លើ​របរ​លក់​ដូរ​បន្តិច​បន្តួច​ក្បែរៗ​នោះ រង​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

អ៊ុំ​ស្រី ខុម មាន​របរ​លោក​ពោត​ស្ងោរ​ជា​ច្រើន​ឆ្នាំ​នៅ​ម្តុំ​សួន​ច្បារ​មុខ​ព្រះ​បរមរាជ​វាំង បាន​រអ៊ូ​រទាំ​រឿង​លក់​ពោត​មិន​ដាច់ ដោយ​អះអាង​ចំណូលប្រចាំ​ថ្ងៃ ធ្លាក់​ខ្លាំង​ បាត់​អស់​ប្រមាណ ៤-៥ ម៉ឺនក្នុងមួយ​ថ្ងៃ​ឯណោះ។ អ៊ុំ​ស្រី​បន្ត​ថា ដោយ​សារ​ជំងឺ​កូវិដ ១៩ អ៊ុំ​ស្រី​កំពុង​ប្រឈម​បញ្ហា​ជាច្រើន ពិសេស​រឿង​ដាច់​បាយ​តែ​ម្តង។

ជាមួយ​គ្នា​នេះ បង​ស្រី សារី មានរបរ​លក់​ប្រហិត និង​ភេសជ្ជៈ​បន្តិច​បន្តូច​តាម​ម្តុំ​សួន​ច្បារ​មុខ​ព្រះ​បរមរាជ​វាំង ក៏​បាន​លើក​ឡើង​ពី​រឿង​គ្មាន​មនុស្ស​ដើរ​លេង ឬ​ហាត់​ប្រាណ​នៅ​ពេល​ល្ងាច​ដូច​គ្នា ដោយ​អះអាង បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើន​សម្ងំ​នៅ​ផ្ទះ មិន​ហ៊ាន​ដើរ​ចេញ​ទៅ​ណា ធ្វើ​ឲ្យ​ការ​រក​ស៊ី ធ្លាក់​ចុះ​ដែរ។

ពាក់​ព័ន្ធ​ទៅ​នឹងខាង​លើ បណ្តា​អ្នក​ហាត់​ប្រាណ​មួយ​ចំនួន បាន​លើក​ឡើង​ស្រដៀង​គ្នា ដោយ​សារ​ភ័យ​ខ្លាច​វីរុស​កូវីដ ១៩ ទើប​ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ហាត់​នៅ​ផ្ទះ​ជំនួស​វិញ។

កញ្ញា សាលីតា បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​មួយ ប្រាប់​ឲ្យ​ដឹង​ថា ពី​មុនៗ​កញ្ញា​ចូល​ចិត្ត​ហាត់​ប្រាណ​នៅ​តាម​សួន​សាធារណៈ ប៉ុន្តែ​ដោយ​ខ្លាច​ជំងឺ​កូវីដ ១៩ កញ្ញា​សម្រេច​ចិត្ត​ហាត់​នៅ​ផ្ទះ​វិញ។

ជាមួយ​គ្នា​នេះកញ្ញា លីដា ក៏​បាន​លើក​ឡើង​ពី​ទុក​លំបាក​មួយ​ចំនួន​នៅ​ពេល​នេះ ពិសេស​ការ​ហាត់​ប្រាណ​នៅ​ផ្ទះ គឺ​មិន​ដូច​ជា​តាម​កន្លែង​ហាត់​សាធារណៈ​នោះ​ឡើយ ប៉ុន្តែ​ដើម្បី​កញ្ញា​ទោះ​ពិបាក ក៏​ត្រូវ​ហាត់​ដូច​គ្នា។

ដូច​ទៅ​នឹង​ការ​លើក​ឡើង បណ្តា​អ្នក​ហាត់​ប្រាណ​មួយ​ចំនួន បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន ពី​ការ​ហាត់​ខាង​ក្រៅ​ផ្ទះ មក​ជា​ការ​ហាត់​នៅ​ក្នុង​ផ្ទះ​វិញ ដើម្បី​គេច​ចេញ​ពី​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ ១៩ ក៏​ដូច​ជា​ការ​ចូល​រួម​ទប់​ស្កាត់​ជំងឺ​នេះ ជាមួយ​ការ​អំពាវ​នាវ​របស់​ក្រសួង​អប់រំ និង​រាជ​រដ្ឋាភិបាល​ផង​ដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9111581