ប្រទេសបារាំងត្រូវបានចុះបញ្ជីជាផ្លូវការក្នុងករណីមានអ្នកស្លាប់ជាង ១០ ០០០នាក់ដោយសារវីរុសកូរ៉ូណា ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៤ ដែលមានអ្នកស្លាប់ច្រើន បំផុត បន្ទាប់ពីប្រទេសអ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក។
តួលេខផ្លូវការបានបង្ហាញថា អត្រានៃចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរដោយរាប់ចាប់ពីថ្ងៃអង្គារមកដល់ថ្ងៃព្រហស្បតិ៍នេះ។ លោក Jerome Salomon ប្រធានអាជ្ញាធរសុខភាពសាធារណៈបានប្រាប់សន្និសីទសារព័ត៌មានមួយថា វីរុសកូរ៉ូណាកំពុងរីករាលដាលនៅប្រទេសបារាំង ដែលឥឡូវនេះប្រទេសបារាំងបានបិទប្រទេសអស់រយៈពេលបួនសប្តាហ៍មកហើយ ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនេះ។ គាត់បានបន្តថា ចំនួនអ្នកឆ្លងវីរុសកើនឡើងត្រឹមតែ ០,៨% ប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីបានថយចុះរយៈពេល៨ថ្ងៃជាប់គ្នា។ ចំនួនអ្នកចូលបន្ទប់សង្គោ្រះបន្ទាន់កើនឡើងមិនច្រើននោះទេ ប៉ុន្តែចំនួនអ្នកឆ្លងវីរុសនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃអង្គារនេះប្រទេសអ៊ីតាលីដែលជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារវីរុសនេះខ្ពស់បំផុតមានចំនួន ១៧ ១២៧នាក់បានរាយការណ៍ថា ចំនួនមនុស្សដែលឆ្លងជំងឺបានថយចុះជាប់ៗគ្នារយៈពេល៤ថ្ងៃមកហើយ។ ប្រទេសបារាំងឃ្លាំមើលប្រទេសជិតខាងរបស់ខ្លួនដែលបានបិទច្រកប្រទេសដូចគ្នានឹងខ្លួនដែរ កាលពីថ្ងៃទី៩ ខែមីនា ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃវិធានការណ៍បិទច្រកប្រទេសរបស់ខ្លួន។ អាជ្ញាធរបានរឹតបន្តឹងវិធានការណ៍បិទច្រកនៅទីក្រុងប៉ារីសជាងគេ ដោយហាមឃាត់សកម្មភាពកីឡានៅខាងក្រៅចន្លោះពីម៉ោង ១០ព្រឹកដល់ម៉ោង ៧ល្ងាច។
រូបតំណាង
Salomon បានមានប្រសាសន៍ថា ចំនួនមនុស្សដែលបានស្លាប់សរុបនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីឆ្លងវីរុសនេះបានកើនឡើងដល់ចំនួន៧ ០៩១នាក់។ លោកបានបន្តថា ប្រសិនបើបូករួមទាំងទិន្នន័យចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅតាមមណ្ឌលថែទាំមនុស្សចាស់គឺមានចំនួនសរុប ១០ ៣២៨នាក់។ ចំនួនករណីឆ្លងវីរុសដែលបានបញ្ជាក់នៅក្នុងមន្ទីរពេទ្យឥឡូវនេះមានចំនួន ៧៨នាក់១៦៧ ហើយចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាអាចសម្រាកព្យាបាលនៅផ្ទះមានចំនួន ៣០ ៩០២នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD