ឧបនាយករដ្ឋមន្ត្រីចិន បាននិយាយទៅកាន់ពលរដ្ឋ នៅទីក្រុងវូហានថា ត្រូវតែមានស្មារតី ក្នុងការទប់ស្កាត់ កូវីដ-១៩ កុំឲ្យវាកើតឡើងម្តងទៀត នៅទីក្រុងវូហាន។ ចាប់ពីវេលាម៉ោង ០0:00 ឈានចូលថ្ងៃទី៨ ខែមេសា ទីក្រុងវូហាន ខេត្តហូប៉ី ជាកន្លែងចាប់ផ្តើមផ្ទុះ នៃកូវីដ-១៩ដំបូងគេបង្អស់ ត្រូវបានលុបបម្រាប់គោចរជាផ្លូវការ ក្រោយពេលបិទទីក្រុងនេះទាំងមូល រយៈពេល៧៧ថ្ងៃ។
ជាមួយគ្នានេះមន្ត្រីក្នុងទីក្រុងបានស្នើដល់ពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសនោះឡើយ។ ច្បាប់បិទទីក្រុងនេះ ដោយតម្រូវឲ្យពលរដ្ឋទាំងអស់ ស្នាក់នៅក្នុងផ្ទះ ចាប់តាំងពីថ្ងៃទី២៣ ខែ មករា ក្រោយការឆ្លងរាលដាល នៃកូវីដ-១៩កាន់តែខ្លាំង។
ជាមួយនឹងការលុបច្បាប់បម្រាមខាងលើ ប្រព័ន្ធចរាចរណ៍នានានឹងតភ្ជាប់ឲ្យដំណើរការឡើងវិញ ក្នុងនោះមានទាំងអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវទឹក រថយន្តក្រុង … ជាដើម។ ប៉ុន្តែមន្ត្រីក្នុងតំបន់ បានស្នើឲ្យប្រជាជនមិនត្រូវចេញពីតំបន់ដែលខ្លួនរស់នៅឡើយ បើមិនមានការចាំបាច់ ដោយសារតែកូវីដ-១៩ មិនទាន់រលាយទាំងស្រុងនៅឡើយ ហើយវាអាចផ្ទុះឡើយវិញគ្រប់ពេលវេលា។
សារព័ត៌មាន AFP បានផ្សាយថា ក្រោយពេលច្បាប់ហាមប្រាមនេះ ត្រូវបានដកចេញភ្លាម ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នា សម្រុកទៅកាន់ស្ថានីយរថភ្លើង ដើម្បីចាកចេញពីទីក្រុងវូហាន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានពលរដ្ឋ៥៥ពាន់នាក់ បានចាកចេញពីទីក្រុងនេះ។
កាលពីថ្ងៃទី៧ ខែមេសា ជាលើកទីមួយ ដែលចិនមិនមានករណីស្លាប់ ដោយសារកូវីដ-១៩។ នេះជាសញ្ញាក៏ល្អបំផុតរបស់ចិន ខណៈប្រទេសលោកខាងលិច រួមមាន អាមេរិក និងអឺរ៉ុបកំពុង ស្ថិតក្នុងចំណុចកំពូល នៃការផ្ទុះកូវីដ១៩ ដោយមានអ្នកស្លាប់យ៉ាងច្រើន ក្នុង១ថ្ងៃៗ៕ ប្រែសម្រួលដោយ៖ MEO