រដ្ឋលេខាធិការស្តីទីកងកម្លាំងជើងទឹកអាមេរិកបានលាលែងពីតំណែង ក្រោយពីកើតមានរឿងអាស្រូវពាក់ព័ន្ធដំណោះស្រាយរបស់គាត់ក្នុងបញ្ហាជំងឺកូរ៉ូណាវីរុស ឬ COVID-19 ឆ្លងរាតត្បាតនៅលើនាវាផ្ទុកយន្តហោះ ។ នេះបើតាមការផ្សាយរបស់ប្រភព BBC ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។
ប្រភពបានបញ្ជាក់ថា លោក Thomas Modly បានដកតំណែងមេបញ្ជាការនាវាផ្ទុកយន្តហោះ USS Theodore Roosevelf ក្រោយពីមេបញ្ជាការរូបនោះបានស្វះស្វែងរកជំនួយតាមលិខិតមួយច្បាប់ ហើយបានបែកធ្លាយដល់បណ្តាញផ្សព្វផ្សាយព័ត៌មាន ។
រដ្ឋលេខាធិការស្តីទី Modly បានថ្លែងសុំទោស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីការលេចធ្លាយព័ត៌មានថា លោកបានហៅសកម្មភាពរបស់មេបញ្ជាការ Brett Crozierនោះថា «ល្ងង់ខ្លៅ»និង«ល្ងីល្ងើ»។
មេបញ្ជាការកងនាវាផ្ទុកយន្តហោះ លោក Brett Crozier បានផ្ញើលិខិតទៅក្រសួងការពារជាតិអាមេរិក អំពីកងទ័ពឆ្លងមេរោគកូរ៉ូណា ឬ COVID-19 ដោយសរសេរថា គេបានដាក់កងទ័ពដែលសង្ស័យស្ថិតក្នុងការតាមដានសុខភាព ប៉ុន្តែលោកថា ចាំបាច់ត្រូវការជំនួយជាបន្ទាន់ ។
ការលាលែងពីតំណែងរបស់លោក Thomas Modly នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានដៅសញ្ញាថា គាត់ (Thomas Modly)មានពាក់ព័ន្ធនៅក្នុងជម្លោះនេះផងដែរ ។
គួរបញ្ជាក់ថា មេបញ្ជាការប្រតិបត្តិការនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក គឺឧត្តមនាវាទោ Michael Gilday បានថ្លែងថា បុគ្គលិកយោធាចំនួន២ពាន់ ៧០០នាក់ ដែលមានអាការៈសុខភាពមិនស្រួលត្រូវបានយកចេញពីនាវានេះ ដើម្បីតាមដានសុខភាពរបស់ពួកគេ ។ កាលពីថ្ងៃទី១ មេសា កងទ័ព៩៣នាក់នៅលើនាវាផ្ទុកយន្តហោះនេះ បានធ្វើតេស្ដដោយរកឃើញថា ពួកគេផ្ទុក មេរោគកូរ៉ូណា ឬCOVID-19 ហើយ៨៦នាក់ទៀត ក៏មានរោគសញ្ញាប្រហាក់ប្រហែលនេះដែរ ប៉ុន្ដែ៥៩៣នាក់ផ្សេងទៀតពុំមានផ្ទុកមេរោគនេះទេ ។
កងទ័ពលើនាវានោះជិត១ពាន់នាក់ ត្រូវបានឲ្យចាកចេញពីនាវានោះហើយឲ្យនៅលើកោះ Guam គឺដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា ឬCOVID-19 ។
នាវាផ្ទុកយន្តហោះ USS Theodore Roosevelt មានបេសកកម្ម ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វីច ត្រូវបានបញ្ជូនអោយទៅ ឈរជើងនៅសមុទ្រជប៉ុន ដើម្បីប្រឈមនឹងការ គំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើង តាំងពីពាក់កណ្ដាលឆ្នាំ ២០១៧ ។ នាវានេះ បានមកកាន់សមុទ្រវៀតណាម ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាព នៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ខណៈអាមេរិក និងវៀតណាម រំលឹកខួប២៥ឆ្នាំនៃចំណងទាក់ទងការទូតឡើងវិញ ក្រោយពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់នៅដើមទសវត្ស១៩៩០។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានថ្លែងថា លោក Modly បាន«លាលែងពីតំណែងដោយខ្លួនឯង» ។ លោករដ្ឋមន្ត្រីបានថ្លែងថា សុខភាព សុវត្ថិភាពរបស់កងនាវិកទាំងអស់គឺជាការងារអាទិភាពរបស់ក្រសួងការពារជាតិ ។
អនុរដ្ឋលេខាធិការកងទ័ព James McPherson ត្រូវបានរំពឹងថា នឹងជំនួសតំណែងលោក Thomas Modly ៕ ប្រែសម្រួលដោយ៖ thach yat