តាមរយៈសេចក្តីរាយការណ៍របស់គណៈកម្មការរោគឆ្លងប្រចាំខេត្ត Phuket បានឱ្យដឹងថា បុរសបរទេសម្នាក់ត្រូវបានស្លាប់ដោយជំងឺកូវីដ១៩ និងស្តី្របរទេស០៣នាក់ រកឃើញមានវីរុសកូរ៉ូណា ដែលនេះធ្វើឱ្យចំនួនករណីឆ្លងនូវជំងឺផ្លូវដង្ហើមថ្មីនៅក្នុងខេត្តទេសចរណ៍នេះកើនឡើងដល់ ១២៦ករណី។ នៅក្នុង ១២៦ករណីនេះ គឺបានរាប់បញ្ចូលទាំង ០៣ករណីឆ្លងថ្មីខាងលើ ព្រមជាមួយគ្នានឹង ៣៦ករណីដែលបានជាសះស្បើយ ៨៩ករណីដែលកំពុងសម្រាកព្យាបាល ហើយស្លាប់ ០១ករណី។
រូបតំណាង
សម្រាប់បុរសបរទេសដែលស្លាប់នោះ មកពីប្រទេសហុងគ្រី។ ដោយឡែក ស្រី្ត០៣នាក់ដែលបានឆ្លងវីរុសកូរ៉ូណានោះ មានស្រី្ត០២នាក់មកពីប្រទេសរុស្ស៊ីដែលមានអាយុ ២៣ឆ្នាំ និង២៨ឆ្នាំ ហើយស្រ្តីម្នាក់ទៀត អាយុ២៦ឆ្នាំ មកពី Kazakhstan។ ក្នុងអំឡុងពេលដែលស្ត្រីទាំង០៣នាក់នោះស្នាក់នៅក្នុងខេត្តPhuket ពួកគេបានទៅដើរលេងញឹកញាប់នៅទីកន្លែងជួបជុំកម្សាន្តសប្បាយនៅ Soi Bangla ក្នុងតំបន់ Patong នៃស្រុក Kathu ប្រហែលជាង ០១ខែ ហើយថែមទាំងបានមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកទេសចរណ៍បរទេសដទៃផ្សេងទៀតផងដែរ។ បន្ថែមពីនេះ ពួកគេ ក៏បានស្នាក់នៅក្នុងអាផាតមិនតែមួយជាមួយគ្នាក្នុងតំបន់ Paton។
នៅពេលនោះ ពួកគេទាំង៣នាក់ មិនមានចេញនូវរោគសញ្ញាជំងឺកូវីដ១៩ណាមួយទេ ក៏ប៉ុន្តែ ពួកគេស្ថិតក្នុងប្រភេទក្រុមមនុស្សដែលត្រូវបានគណៈកម្មការរោគឆ្លងចាត់ទុកថាមានហានិភ័យឆ្លងខ្ពស់ ដែលតម្រូវយកទៅតេស្តរកវីរុសកូរ៉ូណា។ បន្ទាប់ពីធ្វើតេស្តរួច បានរកឃើញមានករណីឆ្លងថ្មី០៣បន្ថែមទៀត នៅលើក្រុមមនុស្សប្រភេទនេះ ហើយពួកគេក៏ជាអ្នកដែលចម្លងជំងឺដល់អ្នកដទៃខ្ពស់បំផុតផងដែរ ពីព្រោះតែគ្មានចេញរោគសញ្ញារបស់ពួកគេទាំងនោះ នេះបើតាមសំដីគណៈកម្មការរោគឆ្លង។
រូបតំណាង
ដើម្បីការពារកុំឱ្យឆ្លងវីរុសកូរ៉ូណា ការរក្សាគម្លាតឆ្ងាយនៅក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់។ យើងត្រូវបោះចោលសកម្មភាពទំាងឡាយណាមិនចាំបាច់ និងចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ហើយត្រូវពាក់ម៉ាស និងលាងសម្អាតឱ្យបានញឹកញាប់។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Bangkok Post