ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបិទអាជីវកម្មម៉ាស្សានិងស្ប៉ាគ្រប់ទីកន្លែង ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានសេចក្តីសម្រេចថ្មី។ នេះបើតាមលិខិតជូនដំណឹងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ។
ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានបិទអាជីវកម្មផ្សេងៗ ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ខារ៉ាអូខេ ក្លិបកម្សាន្ត ក្លិបហាត់ប្រាណ រោងកុន និង កាស៊ីណូ ជាដើម។ ក្រៅពីបិទកន្លែងអាជីវកម្មផ្សេងៗ សាលារៀន សារមន្ទីរ និង ព្រះបរមរាជវាំង រមណីយ ដ្ឋានវត្តភ្នំក៏ត្រូវបិទផងដែរ។ មួយវិញទៀត ការប្រគំតន្រ្តីតាមទីសាធារណៈ និងការជួបជុំតាមបែបសាសនា ក៏ត្រូវផ្អាក។ សូមបញ្ជាក់ថា ផ្អាកការជួបជុំបែបសាសនា ប៉ុន្តែមិនមែនបិទវត្តអារាមនោះទេ។
នៅព្រឹកថ្ងៃទី៧ ខែមេសានេះដែរសម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មី ទៀតផង ព្រោះមើលឃើញថា ប្រជាជនជាច្រើនហាក់មានការព្រងើយកន្តើយ លែងភ័យខ្លាចកូវីដ១៩។ យ៉ាងណាក៏ដោយ ការឈប់សម្រាកចូលឆ្នាំខ្មែរ គ្រាន់នៅតែអាចទទួលបាន នៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ស្ងាត់បាត់ទៅ ដោយរដ្ឋាភិបាលនឹងសងមកវិញនូវថ្ងៃឈប់សម្រាកចំនួន៥ ថ្ងៃ៕ ដោយ៖ប៊ុនធឿន