ក្រុងឡុងដ៍ៈ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានផ្លាស់ប្តូរទៅកន្លែងមើលថែយ៉ាងយកចិត្តទុកដាក់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរោគសញ្ញានៃជំងឺរបស់លោកកាន់តែអាក្រក់ទៅៗ ទោះបីការិយាល័យ Downing Street របស់លោកបាននិយាយថាលោកនៅតែដឹងខ្លួនក៏ដោយ។
អង់គ្លេសមិនមានផែនការរើសអ្នកស្នងតំណែងជាផ្លូវការទេ នៅពេលនាយករដ្ឋមន្ត្រីមានបញ្ហាសុខភាពបែបនេះ ប៉ុន្តែលោក Johnson បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងការបរទេសលោក Dominic Raab តំណាងឱ្យរូបគាត់។ លោក Johnson អាយុ ៥៥ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីយប់ថ្ងៃអាទិត្យ ហើយគេយកលោកទៅធ្វើតេស្ត៍ដើម្បីរកវីរុសកូវីដ១៩ បន្ទាប់ពីរូបលោកមានអាការក្តៅខ្លួនអស់រយៈពេល១០ថ្ងៃជាប់គ្នា។ Downing Street បាននិយាយថា គាត់មានស្មារតីល្អ ហើយគាត់នៅតែទទួលបន្ទុកការងារបើទោះបីជាស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនក៏ដោយ។ នៅល្ងាចបន្តិចគាត់ត្រូវបានគេបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ St Thomas ទីក្រុងឡុងដ៍។ ប្រភពមួយបាននិយាយថា Johnson កំពុងដាក់ឧបករណ៍អុកស៊ីសែនជំនួយដង្ហើម។
រូបតំណាង
អ្នកនាំពាក្យការិយាល័យរបស់លោក Johnson បាននិយាយថា «ស្ថានភាពរបស់នាយករដ្ឋមន្រ្តីកាន់តែអាក្រក់ទៅៗនៅពេលរសៀល ហើយក្រុមគ្រូពេទ្យរបស់គាត់ណែនាំថា លោកត្រូវតែផ្លាស់ទៅបន្ទប់ថែទាំជាពិសេសរបស់មន្ទីរពេទ្យ»។ Downing Street បានបន្តទៀតថា« នាយករដ្ឋមន្រ្តីបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab ដែលជារដ្ឋលេខាធិការទីមួយ តំណាងឱ្យគាត់នៅពេលករណីចាំបាច់» ។ គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីនៅតែដឹងខ្លួននៅឡើយ»។ Downing Street បានបន្តទៀតថា លោកនាយករដ្ឋមន្រ្តីត្រូវបានគេផ្លាស់ទៅបន្ទប់ ICU ដើម្បីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយលើសពីនេះលោកក៏ត្រូវបានពេទ្យប្រើឧបករណ៍ជំនួយដង្ហើមផងដែរ»។ Johnson បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD