តាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) និងក្រុមប្រឹក្សាថែទាំសុខភាពអន្តរជាតិ នៅថ្ងៃទី ៧ ខែមេសា បានបញ្ជាក់ថា ពិភពលោកកំពុងខ្វះគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ប្រមាណ៦លាននាក់ ដើម្បីថែទាំអ្នកជំងឺកូវីដ-១៩។
បច្ចុប្បន្ន នៅលើពិភពលោកទាំងមូល មានគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា មិនដល់២៨លាននាក់ផង គឺនៅខ្វះប្រមាណ៦លាននាក់ទៀត ទើបគ្រប់គ្រាន់។ ប្រទេសដែលប្រឈមនឹងកង្វះខាតគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា គឺតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាស៊ានផងដែរ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា គិលានុបដ្ឋាយិកាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសុខាភិបាល ហើយឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាលរបស់ពិភពលោក ។ ក្នុងពេលកូវីដ-១៩ រាតត្បាត នៅលើពិភពលោកនោះ គិលានុបដ្ឋាក និង គិលានុបដ្ឋាយិកា គឺជាកម្លាំងជួរមុខ នៅក្នុងការទប់ស្កាត់ ជួយដល់អ្នកជំងឺផ្ទាល់។
អង្គការសុខភាពពិភពលោក បានអំពាវនាវដល់បណ្តាប្រទេស នៅលើពិភពលកទំាងមូល បញ្ជាក់តួលេខឲ្យបានច្បាស់ ពីកង្វះខាតគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ដើម្បីផ្តោតការយកចិត្តទុកដាក់បណ្តុះបណ្តាលគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាបន្ថែមទៀត៕ ប្រែសម្រួលដោយ MEO