ក្លឹបបិសាចក្រហម Manchester United និងក្លឹបដ៏ទៃទៀត បានធើ្វការចូលរួមរំលែកទុក្ខដល់គ្រូបង្វឹកក្លឹបមេឃខៀវ Manchester City គឺលោក Pep Guardiola ដែលម្ដាយរបស់លោកបានទទួលមរណភាពដោយសារវីរុស covid-19 កាលពីម្សិលមិញនេះ។
Man City ផ្ទាល់បានបញ្ជាក់ថា អ្នកស្រី Dolors Sala Carrio ដែលមានអាយុ៨២ឆ្នាំ បានទទួលមរណភាពនៅក្នុងតំបន់ Manresa ទីក្រុង Barcelona រដ្ឋកាតាឡាន់។
Pep គឺជាកូនទី៣ ក្នុងចំណោមកូនទាំង៤ របស់អ្នកស្រី Dolors Sala Carrio ដោយមានកូនប្រុស២ និងកូនស្រី២នាក់ ខណ: សា្វមីរបស់អ្នកស្រីឈ្មោះ Valenti។
តារាបាល់ទាត់ ក៏ដូចជាបុគ្គលល្បីៗក្នុងពិភពបាល់ទាត់ បានចូលរួមរំលែកទុក្ខក្នុងការបាត់បង់ដ៏ធំធេងរបស់ Pep ដោយក្នុងនោះក្លឹប Man Utd ក៏បានចេញនូវសាររំលែកទុក្ខផងដែរ ដោយបានបង្ហោះតាមរយ:បណ្ដាញសង្គម Twitter របស់ខ្លួនថា៖
«អ្នកគ្រប់គ្នានៅ Manchester United ពិតជាមានការសោកស្ដាយដែលបានដឹងនូវរឿងនេះ។ ពួកយើងសូមចូលរួមរំលែកទុក្ខដល់ Pep និងក្រុមគ្រួសាររបស់លោក» #ACityUnited៕
ប្រភព៖ Evening Standard