បណ្តាមេដឹកនាំនៅលើពិភពលោក បានជូនពរដល់នាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ជាសះស្បើយ ក្រោយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវដាក់ម៉ាស៊ីនជំនួយដកដង្ហើម។ នេះជាសញ្ញាបង្ហាញពីស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្រ្ដី កាន់តែធ្ងន់ ហើយបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។
នៅពេលនេះបណ្តាមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត សង្ឃឹមថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពេលលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយជំងឺកាន់តែធ្ងន់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមេសា បាននិយាយថា លោកពិតជាក្រៀមក្រំ ពេលពេលទទួលបានព័ត៌មានថា នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែស្ថានភាពសុខភាពកាន់តែអាក្រក់ទៅ។ លោក ត្រាំ បានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ។
ជាមួយគ្នានេះដែរ ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានជូនពរលោក Boris Johnson ឲ្យឆាប់ជាសះស្បើយផងដែរ។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្ដីបារាំង ក៏បានជូនពរលោក Johnson ឲ្យឆាប់ឆ្លងផុតពីការប្រឈមមុខទាំងឡាយ ហើយជាសះស្បើយពីជំងឺ ក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ក៏បានជូនពរដូចគ្នា សូមឲ្យនាយករដ្ឋមន្ត្រីអង់គ្លេស ឆាប់ជាពីកូវីដ-១៩។
ក្រៅពីនេះនៅមានថ្នាក់ដឹកនាំកំពូលៗជាច្រើន នៅលើពិភពលោក និងបណ្តាអង្គការធំៗ ក៏បានជូនពរនាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ឆ្លងផុតពីរឿងអាក្រក់ទាំងឡាយ។
ស្ថានភាព នៃជំងឺរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ទើបត្រូវបាបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាពិសេស។ មនុស្សមួយចំនួន បានលើកឡើងថា ក្តីសង្ឃឹម មាន៥០ភាគរយប៉ុណ្ណោះ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីត្រូវបានបញ្ជូនទៅកាន់បន្ទប់ពិសេស កាលពីយប់ ថ្ងៃទី៦ ខែមេសា ក្នុងមន្ទីរពេទ្យ St Thomas ។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បាន ស្នើដល់រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab ជំនួសតំណែងរបស់លោក ដឹកនាំរដ្ឋាភិបាល ក្នុងពេលចាំបាច់៕ ប្រែសម្រួលដោយ៖ MEO