ថ្ងៃនេះ Anarchak សូមនាំប្រិយមិត្តមកអានពីប្រភេទពស់ អាណាខន់ដា (Anaconda) ដែលត្រូវបានគេដឹងថាជាប្រភេទពស់ដែលមានទំហំធំបំផុត និងមានទម្ងន់ធ្ងន់ជាងគេបំផុតលើលោកនេះ។
ពួកវាជាទូទៅរស់នៅក្នុងតំបន់ព្រៃទឹកភ្លៀងត្រូពិច បឹង និងដីភក់នៃតំបន់អាមេរិកខាងត្បូង។
ពស់ប្រភេទនេះអាចលូតបានដល់ 9 ម៉ែត្រ និងមានទម្ងន់ដល់ទៅ 249.5 គីឡូក្រាម។ ហើយធម្មតាប្រភេទញីមានទំហំធំជាងអាឈ្មោល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ពេញមួយជីវិតរបស់វា ពស់នេះមិនឈប់លូតលាស់ឡើយ។
បើនិយាយពីតួខ្លួនវាវិញ គឺមានពណ៌រាងបៃតងចាស់ និងមានចំណុចខ្មៅៗ ពីរជួរនៅលើខ្នង ហើយថែមទាំងមានស្នាមពណ៌សនៅសងខាងខ្លួនវាផងដែរ។
ក្នុងមួយថ្ងៃពស់នេះត្រូវការអាហារជាមធ្យមដល់ទៅ 18 គីឡូក្រាមដើម្បីទ្រទ្រង់រាងកាយដ៏ធំរបស់វា។
អ្វីដែលគួរឱ្យកត់សម្គាល់គឺ វាមិនមានពិសនោះទេ ហើយដូច្នេះនៅពេលចាប់ចំណីវាប្រើតួខ្លួនដ៏ខ្លាំងក្លានិងពេញដោយសាច់ដុំដើម្បីសម្លាប់សត្វដែលជាចំណី។
រឹតតែគួរឱ្យពិសេសទៀតនោះគឺ កូនរបស់អាណាខន់ដាអាចស្វែងរកចំណីចិញ្ចឹមជីវិតដោយខ្លួនឯងក្រោយពេលកើត ដោយមិនចាំបាច់ពឹងលើមេរបស់វាឡើយ។
បើទោះបីជាវាមានទំហំធំតែអ្នកវិទ្យាសាស្ដ្រមានការលំបាកក្នុងការស្វែងរកវា ដោយសារម្យ៉ាងវាមានពណ៌បន្លំទៅនឹងធម្មជាតិ និងម្យ៉ាងទៀតដោយសារវាចូលចិត្តសម្ងំនៅក្នុងទឹក ដោយវាអាចនៅក្នុងទឹកបានដល់ទៅ 10នាទី ទើបត្រូវការងើបឡើងដកដង្ហើមម្ដង។
ចំពោះអ្នកដើរព្រៃក្នុងតំបន់ខាងលើ ពស់នេះអាចបង្កគ្រោះថ្នាក់បាន តែសព្វថ្ងៃនេះពស់អាណាខន់ដា ក៏មានវាសនាមិនខុសពីសត្វដទៃប៉ុន្មានដែរ ដោយវាត្រូវបានមនុស្សតាមប្រមាញ់ដើម្បីយកស្បែករបស់វា ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារឧស្សាហកម្មច្នៃម៉ូត៕