ភ្នំពេញ៖ទីបំផុត ! ជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺ ឈ្មោះ អ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីសាធារណការ និង ម្នាក់ទៀតឈ្មោះ ស្រេង ឆេងលីន ភេទស្រី ៦១ឆ្នាំ ជាម្ចាស់ផ្ទះជួល ។
នេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿម នៀក ភេទស្រី អាយុ ៣៣ឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មានបានអោយដឹងថា ពេលនេះជនសង្ស័យបានរត់គេចខ្លួនហើយ ដោយលោកបានជំរុញអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕