រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានស្នើដល់កម្លាំងទាហានអាល្លឺម៉ង់ បញ្ជូនយន្តហោះដឹកជញ្ជូនយោធាទៅដឹកម៉ាស់ និងបរិក្ខារពេទ្យ ក្រោយពេលម៉ាស់ជាង២សែន ត្រូវបានអាមេរិកស្ទាក់ទិញ នៅតាមផ្លូវក្នុងតម្លៃខ្ពស់ ជាង៣ដង ហើយឲ្យលុយនៅនឹងមុខ ដោយមិនចាំបាច់ត្រួតពិនិត្យទំនិញអ្វីឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា កម្លាំងទាហាននឹងទៅដឹកម៉ាស់តែម្តង ចៀសវាងហេតុការណ៍អាក្រក់ណាមួយកើតឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកAndreas Geisel បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិក ដែលបានស្ទាក់ទិញម៉ាស់ 3M បម្រុងនាំពីចិនទៅកាន់អាល្លឺម៉ង់។ កន្លងមក ក៏មានករណីស្ទាក់ទិញម៉ាស់មួយយន្តហោះ ដឹកពីចិន ឆ្ពោះទៅកាន់ប្រទេសបារាំងដោយសង់លុយនៅនឹងកន្លែងតែម្តង។
ចាប់តាំងពីផ្ទុះកូវីដ-១៩នោះមក កម្លាំងទាហានអាល្លឺម៉ង់បានជួយដឹកជញ្ជូនបរិក្ខារពេទ្យ យកទៅចែកចាយ នៅទូទាំងប្រទេស ប៉ុន្តែអាល្លឺម៉ង់មិនដែលបញ្ជូនយន្តហោះទៅដឹកពីក្រៅប្រទេសនោះឡើយ។ ប៉ុន្ដែនៅពេលនេះ រដ្ឋាភិបាលបានស្នើឲ្យទៅដឹកនៅក្រៅប្រទេស បញ្ចៀសការដណ្តើមទំនិញដូចមុន។
សង្គ្រាមដណ្តើមម៉ាស់ការពារកូវីដ-១៩ ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ហើយបច្ចុប្បន្នអាល្លឺម៉ង់ មានអ្នកឆ្លងកូវីដ១៩ ជាង៩៥ពាន់នាក់ ស្លាប់ ជិត១៥០០ ៕ ប្រែសម្រួលដោយ៖MEO