រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ឱកាសដល់ក្រុមហ៊ុនស្រាបៀរនូវពេលវេលាហិរញ្ញវត្ថុ កាន់តែច្រើនឡើង នៅក្នុងអំឡុងពេលឆ្លងរាតត្បាត នៃវីរុស COVID-19 ។ រដ្ឋាភិបាលបានផ្តល់ឲ្យនូវជម្រើសដល់ក្រុមហ៊ុនស្រាបៀរ ដើម្បីពន្យារពេលបង់ពន្ធប្រចាំឆ្នាំ។
អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុសហព័ន្ធ បានថ្លែងថា «ដើម្បីធ្វើឲ្យកាន់តែប្រសើរនូវភាពរឹងមាំដល់ក្រុមហ៊ុនផលិតស្រាបៀរ នៅក្នុងកាលៈទេសៈដ៏លំបាក នាពេលបច្ចុប្បន្ននេះ និងដើម្បីរក្សាការងារផងនោះ ក្រសួងហិរញ្ញវត្ថុសហព័ន្ធ និងរដ្ឋជាដៃគូទាំងឡាយបានព្រមព្រៀងគ្នាថា ពន្ធស្រាបៀរ អាចនឹងត្រូវបានពន្យារពេល» ។
ក្រុមហ៊ុនផលិតស្រាបៀរជាច្រើន បានប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការឆ្លងរាតត្បាត នៃវីរុស COVID-19នេះ ដោយសារការនាំចេញត្រូវបញ្ឈប់ភាគច្រើន ព្រឹត្តិការណ៍ទាំងឡាយ ត្រូវលុបចោលហើយភោជនីយដ្ឋាននានា ក៏ត្រូវបានបិទទ្វារ។
ក្រសួងហិរញ្ញវត្ថុសហព័ន្ធ បានបញ្ជាក់ថា អ្នកដែលដាក់ពាក្យពន្យារពេលបង់ពន្ធនេះ អាចដាក់លិខិតនៅស្នាក់ការគយកណ្តាល រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អ្នកនាំពាក្យ បានបន្តថា ស្នាក់ការគយកណ្តាលសម្របសម្រួល ចំពោះក្រុមហ៊ុនផលិតស្រាបៀរទាំងឡាយនេះ ដើម្បីចៀសវាងការលំបាកហួសប្រមាណ ។ ការយកពន្ធអត្រាការប្រាក់លើការពន្យារពេលនេះ អាចត្រូវបានលើកលែងទៅតាមច្បាប់ដែលបានកំណត់។
សមាគមអ្នកផលិតស្រាបៀរអាល្លឺម៉ង់ បានហៅជម្រើសរបស់រដ្ឋាភិបាលសហព័ន្ធនេះ គឺមានសារសំខាន់សម្រាប់ឧស្សាហកម្មស្រាបៀរ ដែលកំពុងរងសម្ពាធយ៉ាងខ្លាំង ។
តួលេខក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា ពន្ធស្រាបៀរដែលបង់ជូនរដ្ឋសហព័ន្ធ និងការបង់ពន្ធប្រចាំឆ្នាំ២០១៩ មានសរុបប្រហែល៦៥០លានអឺរ៉ូ ៕ ប្រែសម្រួលដោយ៖ thach yat