កណ្តាល៖ កម្ពុជាជាប្រទេសដែលមានចំណាត់ការអភិបាលកិច្ចល្អ ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ មិនឱ្យរីករាលដាលខ្លាំង ដូចបណ្តាប្រទេសដទៃទៀត ដែលទទួលកំពុងរងគ្រោះដោយសារតែវីរុស ដ៏កាចសាហាវនេះ។ នេះបើតាមការលើកឡើងរបស់ លោក កែវ រ៉េមី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ។
លោក កែវ រ៉េមី លើកឡើងបែបនេះក្នុង នៅក្នុងឱកាសដែលបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោក ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ របស់ក្រុមការងារចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ «ក១,ក២» ចំនួន ៣៧០គ្រួសារ នៅទូទាំងឃុំ ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19 ជូនប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះដែរ លោកក៏បានផ្ដាំផ្ញើរអាជ្ញាធរឃុំទាំងអស់ ត្រូវមានការបំផុសបំផុល ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយឱ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យ ឱ្យបានខ្ជាន់ខ្ជួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត។
បច្ចុប្បន្នជំងឺកូវីដ១៩ មានតិចតួចណាស់ នៅកម្ពុជា ហើយរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះការព្យាបាលឱ្យជាសះស្បើយ មានមនុស្ស ចំនួន៥៣នាក់ហើយ ត្រូវបានគ្រូពេទ្យខ្មែរយើងព្យាបាលជាសះស្បើយ៕ ដោយ៖ ប៊ុនធឿន