យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ នេះមិនមានករណីឆ្លងថ្មីពីវីរុសកូវីដ-១៩ (Covid-19) ទេ។ ចំណែកឯអ្នកជំងឺដែលជាសះស្បើយមានការកើនឡើងរហូតដល់ទៅ ៥៣ នាក់ផងដែរ។
ទោះបីជាមិនមានការឆ្លងកើនឡើងក៏ពិតមែន តែលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មិនគួរគប្បីធ្វេសប្រហែសនោះទេ ប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នការពារជាប់ជានិច្ច។
ជាមួយគ្នានេះដែរ តារាសម្ដែងដែលត្រូវបានមហាជនជាច្រើនស្គាល់ថា រាជនី ក្រម៉ា កញ្ញា មាន សូនីតា បានបង្ហាញនិងណែនាំពីវិធីការពារខ្លួន ថែរក្សាអនាម័យ និងសុខភាព ត្រូវតែពាក់ម៉ាស់ការពារ រាល់ពេលជួបឬនិយាយជាមួយអ្នកដទៃ នឹងការចេញទៅខាងក្រៅ ក៏ដូចជាត្រូវរួមគ្នាការពារ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ៕