មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងជំងឺឆ្លង នៅក្នុងទ្វីបអាហ្វ្រិក (CDC ) បានប្រកាសថា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣៦០នាក់ ក្នុងចំណោមអ្នកជំងឺជាង៨៥០០នាក់។
ប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុត រួមមាន អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់១៥៨៥នាក់។ លំដាប់ទីពីរ គឺអាល់ហ្សេរី មានអ្នកឆ្លង១១៧១នាក់ និងទី៣ គឺអេហ្ស៊ីប មានអ្នកឆ្លង ១១៧០នាក់…។ ទន្ទឹមនឹងនោះ នៅតំបន់អាហ្វ្រិក ក៏មានអ្នកជាសះស្បើយពីវីរុសកើនឡើងដល់៧១០នាក់ផងដែរ។
បើតាមការប្រកាសរបស់ CDC អាហ្វ្រិក បានបញ្ជាក់ថា សហគមន៍ទ្វីបអាហ្វ្រិក មានប្រទេសចំនួន៥៥ជាសមាជិក។ ប៉ុន្តែក្នុងចំណោមប្រទេសជាសមាជិកទាំង៥៥នោះមានប្រទេសចំនួន៥០បានឆ្លងកូវីដ-១៩។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក មាន៧៩៥នាក់ និងអ្នកស្លាប់ ៤៧នាក់។
លោក Josep Borrell ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អាហ្វ្រិក បានបញ្ជាក់ថា បើមិនមានវិធានការទប់ស្កាត់ឲ្យបានតឹងតែងនោះទេ វីរុសកូវីដ-១៩នឹងបន្ដឆ្លងរាលដាលកាន់តែខ្លាំងឡើង រហូតឈានដល់ដំណាក់កាល លើសពីសមត្ថភាពគ្រប់គ្រង។ ទោះជាយ៉ាងណា នៅថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសសហគមន៍ទ្វីបអាហ្វ្រិកនឹងបើកកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់រួម លើវីរុសរាតត្បាតនេះ៕ ប្រែសម្រួលដោយ MEO