ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា លោក Bernard Gonzalez ដែលជាគ្រូពេទ្យមួយរូបប្រចាំនៅក្លិបបាល់ទាត់ប្រទេសបារាំង Stade de Reims នោះ បានធ្វើអត្តឃាត ក្រោយពេលផ្តាច់ខ្លួននៅឆ្ងាយដាច់ដោយឡែកពីគេឯង ដោយសារតែមានផ្ទុកវីរុស COVID-19 ។
មុនពេលធ្វើអត្តឃាត, គ្រូពេទ្យអាយុ៦០ឆ្នាំ Gonzalez បានស្ថិតនៅផ្ទះជាមួយភរិយារបស់គាត់ ដែលក៏ជាអ្នកបានផ្ទុកវីរុស COVID-19 ផងដែរ ។ យោងតាមការចេញផ្សាយរបស់កាសែតបារាំង Le Parisien បានបញ្ជាក់ថា គាត់(Gonzalez)បានបន្សល់ទុកបណ្តាំមរណៈ ពន្យល់អំពីមូលហេតុធ្វើអត្តឃាតនេះផងដែរ ។
លោក Arnaud Robinet អភិបាលក្រុង Riems ដែលបានយល់ច្បាស់អំពីជំងឺ COVID-19នោះ បានថ្លែងថា លោកបានដឹងអំពីលិខិតបណ្តាំនៃការធ្វើមរណរបស់លោកគ្រូពេទ្យប្រចាំក្លិបបាល់ទាត់នោះផងដែរ ។
លោក Robinet បានថ្លែងថា ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះឪពុកម្តាយរបស់គាត់, ភរិយា និងក្រុមគ្រួសាររបស់គាត់ ។ គាត់គឺជាជនរងគ្រោះម្នាក់បណ្តាលមកពីវីរុស COVID-19… ខ្ញុំដឹងថា គាត់បានបន្សល់ទុកបណ្តាំពន្យល់មូលហេតុការសម្រេចចិត្តរបស់គាត់ ។ ប៉ុន្តែខ្ញុំមិនធ្វើអត្ថាធិប្បាយចំពោះលិខិតនោះឡើយ។ គាត់គឺជាគ្រូពេទ្យមួយរុបដែលទទួលបានការគោរពរាប់អាន និងជាបុរសដែលគួរឲ្យគោរពស្រឡាញ់ ។
នៅពេលជាមួយគ្នានេះដែរ ប្រភពពីអ្នកនៅក្នុងក្លិបបាល់ទាត់បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា មិនបានដឹងា គ្រូពេទ្យ Gonzalez ផ្ទុកវីរុស COVID-19នោះឡើយ ។ កាលពីសប្តាហ៍មុននេះ មានការជួបជុំនិយាយគ្នាជាមួយគ្រូពេទ្យរូបនេះផងដែរ ។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលបារាំង, នៅពេលបច្ចុប្បន្ននេះ វីរុស COVID-19បានកើនឡើង ៧០ ៤៧៨នាក់ ក្នុងនោះបាត់បង់ជីវិតជាង ៨ ០០០នាក់ និងជាង ១៦ ០០០នាក់បានជាសះស្បើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat