កងទ័ពវៀតណាម នៅតាមព្រំដែនដាច់ស្រយាល កំពុងតែជួយការពារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តែរហូតមកដល់ពេលនេះ នៅតាមតំបន់ភ្នំមួយចំនួន ក៏កំពុងតែប្រឈមនឹងកង្វះខាតទឹកយ៉ាងខ្លាំង ដោយត្រូវធ្វើដំណើរទៅយកទឹក ក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ។
បើយោងតាមគេហទំព័រ Vnexpress បានផ្សាយ កាលពីថ្ងៃទី៥ ខែមេសា ថា លោក Lu Avinh ជាកងទ័ពការពារព្រំដែនម្នាក់ បានធ្វើដំណើរក្នុងចម្ងាយ១០គីឡូម៉ែត្រ ដោយចំណាយពេល ១ម៉ោង ដើម្បីទៅយកទឹកចំណុះ២០លីត្រ ពីស្ថានីយព្រំដែនទៅកាន់ចំណុចត្រួតពិនិត្យរបស់គាត់។ ប៉ុស្តិ៍ត្រួតពិនិត្យរបស់លោក ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៣០ ខែមករា នៅបង្គោលព្រំដែនលេខ១៧០ (៣) ស្ថិតក្នុងស្រុកមឿងឃួង ខេត្តលាវយ៉ាង។ នៅទីនោះ គេអាចមើលឃើញ ទន្លេ Xanh និងឆាយ ដោយនៅជាប់នឹងរោងចក្រវារីអគ្គិសនីរបស់ចិន។
ប្រភពព័ត៌មានដដែល បានបន្ដថា ដើរចេញពីខ្ទមតូចៗ លោក Vinh និងក្រុមការងាររបស់គាត់ ត្រូវត្រួតពិនិត្យអ្នកចូលដោយខុសច្បាប់ មកកាន់ប្រទេសវៀតណាម។ ការរឹតបន្ដឹងបែបនេះក៏ជាវិធានការជួយទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ផងដែរ។
លោក Vinh បានថ្លែងថា បើមានទឹក គាត់អាចដាក់ដាំទឹកនោះនៅក្នុងកំសៀវចាស់ៗ សម្រាប់ទុកហូប។ ជាធម្មតា ពួកគាត់៤ទៅ៥នាក់នេះ ត្រូវហូបទឹកអស់ប្រហែល១០លី ក្នុងមួយថ្ងៃ។ ដូច្នេះពួកគាត់ត្រូវប្រើប្រាស់ទឹកច្រើន ដោយរួមទាំងទឹកសម្រាប់លុបលាងខ្លួន និងលុបមុខផងដែរ។
លោក Tan Sanh Nhan ប្រធានប៉ុស្ដិ៍លេខ១៧០ (៣) បានថ្លែងថា យើងត្រូវថែរក្សាការពារព្រំដែនរបស់យើងឲ្យមានសុវត្ថិភាពល្អ។ ដូច្នេះយើងត្រូវប្តូរវេនគ្នា ប្រចាំការនៅប៉ុស្តិ៍ព្រំដែន ដោយរៀងរាល់២ថ្ងៃម្តង ដើម្បីទៅងូតទឹក និងសម្រាក ហើយពេលយើងត្រឡប់មកវិញ ក៏ដឹកទឹកមកជាមួយផងដែរ។
លោកមេប៉ុស្ដិ៍ បានបន្ដថា នៅពេលនេះ ជារដូវក្ដៅ គឺពិតជាមានការខ្វះខាតទឹក ហើយពីប៉ុស្ដិ៍ប្រចាំការរបស់គាត់ទៅកាន់កន្លែងប្រភពទឹកស្អាត មានចម្ងាយរាប់សិបគីឡូម៉ែត្រ។ នៅលើភ្នំនេះ មិនមានប្រភពទឹកនោះទេ ទើបបង្កឲ្យមានការលំបាកច្រើន។
រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាម បានរឹតបន្ដឹង នៅតាមខ្សែបន្ទាត់ព្រំដែន ជាមួយនឹងប្រទេសជិតខាង ដើម្បីជាវិធានការការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃកូវីដ១៩។ បើគិតត្រឹមវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៤១នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩១នាក់៕ ប្រែសម្រួលដោយ Nuon