Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កសិករសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិខេត្តសៀមរាបឱ្យដឹងថា ការដាំបន្លែ នៅលើរានទទួលបានទិន្នផលខ្ពស់ជាង ការដាំបន្លែផ្ទាល់ដី

កសិករដាំបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅស្រុកសូទ្រ និគម ខេត្តសៀមរាប ប្រាប់ថា ការដាំដុះបន្លែនៅលើរានទទួលបានទិន្នផលខ្ពស់ជាងការដាំដំណាំ នៅលើដីផ្ទាល់ ហើយម្យ៉ាងមានសុវត្ថិភាពអនាម័យ និង បង្ការបានពីការយាយីសត្វល្អិតបំផ្លាញ។

អ្នកស្រី ថៃ សូដា កសិករ និង ទទួលបន្ទុកផ្នែកទីផ្សារ បន្លែរបស់សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រាប់ថា ការដាំដំណាំនៅលើរានវានផ្តល់នូវគុណប្រយោជន៍ជាច្រើនទាំងទិន្នផលខ្ពស់ ទាំងអនាម័យ និង ងាយស្រួលគ្រប់គ្រងសត្វល្អិតស៊ីបំផ្លាញដំណាំ ជាងការដាំដំណាំនៅលើដីផ្ទាល់ ។

«ដាំលើរានទី១ គឺសុវត្ថិភាពក្នុងការសត្វកកាយ ទី២គឺយើងអនាម័យបានន័យថាឆ្កែ វាទំលាប់អាក្រក់ពេលឃើញស្មៅឃើញអីវាលើកជើងនោមទៅ ហើយបើយើងដាំនឹងដីវាប្រឈមនឹង ដង្កូវ បើយើងដាំខាងលើវាអត់ជួបបញ្ហាទេចា៎ ពេលទំរាំតាវាទ្បើងដល់យើងឃើញវា យើងកំចាត់ វាបានបាត់»។ អ្នកស្រីបន្ថែមថា ម្យ៉ាងទៀតការដាំដំណាំនៅលើរានវាងាយស្រួលគ្រប់គ្រងពេលរដូវ ភ្លៀងធ្លាក់ និង ភាពរាំងស្ងួតផងដែរ។

« ការដាំលើរាននេះវាមានកត្តាច្រើនប្រភេទទី១ គឺភាពរាំងស្ងួត កត្តាទី២គឺមានភ្លៀង ជោគជាំខ្លាំង មូលហេតុដែលធ្វើឱ្យយើងដាំរានគឺយើងធ្វើការផ្គត់ផ្គង់បាន១២ខែ ក្នុងករណីភ្លៀង ខ្លាំងក៏ដោយ រាំងស្ងួតក៏ដោយ ដូចថាពេលភ្លៀងខ្លាំងយើងអត់ចាក់ទឹក ហើយយើងធ្វើដំបូល ធ្វើអីអញ្ចឹងទៅវាបែកទឹកភ្លៀង ហើយវាក៏រហ័សក្នុងការហូរច្រោះដែរ បើក្តៅខ្លាំងយើងចាក់ទឹក វាម៉ាល្មម ហើយយើងអាចដាំដំណាំក្រោមរានទឹកវាអាចស្រក់ទឹក»។ អ្នកស្រី ថៃ សូដា ឱ្យដឹងផង ដែរថា ការដាំដំណាំនៅលើរាន និង ការដាំផ្ទាល់ដី ក្នុងទំហំដីដូចគ្នា បណ្តោយ១៧.៥ និង ទទឹង ១.២ម៉ែត្រ។ ដំណាំលើដីទិន្នផលទទួលបាន១៥គីទ្បូក្រាមតែប៉ុណ្ណោះ តែដំណាំនៅលើ រានវិញ ទិន្នផលទទួលបានក្នុង១រាន ចន្លោះពី២០-២៥គីទ្បូក្រាមឯណោះ។ អ្នកស្រីដដែលនេះ ឱ្យដឹងទៀត ថា ដំណាំលើរានរយៈពេល៥ថ្ងៃកសិករប្រមូលផលបានចន្លោះពី១០ម៉ឺនទៅជាង២០ម៉ឺនរៀល ហើយ គិតជាមធ្យមក្នុង១ឆ្នាំ កសិករអាចរកប្រាក់ចំណូលបានប្រមាណ ១០០០ដុល្លារ។ ដែលជួយផ្គត់ផ្គង់ ជីវភាពគ្រួសារពួកគាត់រស់នៅបានសមរម្យផងដែរ។ អ្នកស្រី សូដា បានបន្តថា ដំណាំលើរានដាំ ប្រភេទបន្លែស្លឹកប្រមាណ៥មុខ ដូចជា សាទ្បាត់ ខាត់ណា ខ្ទឹម ជីតាំងឆាយ និង ត្រកួន ឬបន្លែ ស្លឹកផ្សេងៗទៀត។ អ្នកស្រីទទួលបន្ទុកផ្នែកទីផ្សាររូបនេះ បញ្ជាក់បន្ថែមថា សំរាប់ដំណាំខាត់ណា កសិករអាចប្រមូលផលបានចន្លោះពី១ខែ ១០ថ្ងៃ រហូតដល់ទៅ ទៅ១ខែកន្លះ រីឯ ដំណាំតាំងឆាយ វិញកសិករអាចប្រមូលផលបានចន្លោះពី ១ខែកន្លះ រហូតដល់ទៅជិត១ឆ្នាំឯណោះ។ អ្នកស្រី ថៃ សូដា ឱ្យដឹងថា កសិករដាំដំណាំលើរាននេះ៦ឆ្នាំមកហើយ ហើយពួកគាត់វិវត្តន៍ ពីការដាំដំណាំ លើរានធ្វើពីដើមឈើ ធាងត្នោត មកដល់បច្ចុប្បន្នរានដំណាំធ្វើពីថ្ម។

សូមបញ្ជាក់ថាៈ សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅស្រុកសូទ្រនិគមខេត្តសៀមរាប មានភូមិ៦ និង ឃុំ៣ គឺឃុំ កៀនសង្កែ ឃុំតាយ៉ែក និង ឃុំដាន់រុណ មានកសិករដាំបន្លែសុវត្ថិភាព ប្រមាណ៦០ទៅ៨០គ្រួសារ ។ ក្នុងនោះកសិករដាំបន្លែសុវត្ថិភាពស្លឹក៣០មុខ និងបន្លែផ្លែ ប្រមាណ ១០មុខ។ កសិករទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះពីអង្គការ Gret នៅឆ្នាំ២០១៨-២០១៩៕

from: https://tnaot.com/km/m/detail/article/9105260