នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរិស ចនសន (Boris Johnson)ត្រូវបញ្ជូនចូលកាន់មន្ទីរពេទ្យតាមវេជ្ជបញ្ជា កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្រោយរយៈពេលប្រហែល១០ថ្ងៃ ដែលបានធ្វើតេស្តមានផ្ទុកវីរុស COVID-19 ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា ប្រជាជនអាមេរិកទាំងអស់ រូមទាំងខ្លួនគាត់ផ្ទាល់ផងដែរ សូមបួងសួង កុំឲ្យលោក(Johnson)មានរឿងអី្វកើតឡើងឲ្យសោះ ។
សេចក្តីថ្លែងការណ៍របស់ Dowing Street កាលពីថ្ងៃទី៤ ខែមេសា បញ្ជាក់ថា «តាមដំបូន្មានរបស់វេជ្ជបណ្ឌិត, នាយករដ្ឋមន្ត្រី យប់នេះត្រូវបានបញ្ជូនចូលទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្ត ។ នេះគឺជាជំហានការពារជាមុន, នាយករដ្ឋមន្ត្រីបន្តមានរោគសញ្ញាកូរ៉ូណាវីរុស ១០ថ្ងៃបន្ទាប់ធ្វើតេស្តវិជ្ជមាននៃវីរុស ។ នេះមិនមែនជាករណីអាសន្នអ្វីឡើយ ពីព្រោះនេះគ្រាន់តែជារោគសញ្ញាដែលនៅបន្តលេចឡើងតែប៉ុណ្ណោះ» ។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ចនសន អាយុ៥៥ឆ្នាំ បានប្រកាសថា រូបលោកមានផ្ទុកវីរុស COVID-19 ហើយផ្តាច់ខ្លួននៅតែឯងរយៈពេល៧ថ្ងៃ និងធ្វើការពីក្នុងផ្ទះ ។
ក្នុងអំឡុងពេលធ្វើសន្និសីទសង្ខេបជាមួយកងកម្លាំងអាមេរិកប្រយុទ្ធប្រឆាំងCOVID-19 កាលពីថ្ងៃទី៥ ខែមេសា លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងបួងសួង និងជូនពរចំពោះលោក បូរីស ចនសន ដែលបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ កុំឲ្យមានរឿងអ្វីកើតឡើងឲ្យសោះ ។
លោកប្រធានាធិបតីបានថ្លែងថា «ខ្ញុំចង់បង្ហាញពីបំណងប្រាថ្នាដ៏ល្អរបស់ប្រជាជាតិយើងចំពោះ លោកនាយករដ្ឋមន្រ្តី Boris Johnson នៅពេលដែលគាត់ប្រយុទ្ធផ្ទាល់ខ្លួនជាមួយវីរុស” ។ ជនជាតិអាមេរិកទាំងអស់ កំពុងអធិដ្ឋានចំពោះរូបគាត់ ។ គាត់ជាមិត្តភក្តិរបស់ខ្ញុំ គាត់ជាបុរសសុភាពរាបសា និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់» ។
លោកប្រធានាធិបតីបានបន្ថែមទៀតថា “ខ្ញុំសង្ឃឹម និងប្រាកដថា គាត់នឹងមិនអីនោះទេ” ៕ ប្រែសម្រួលដោយ៖ thach yat