នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្ត បន្ទាប់ពីលោកនៅតែនៅក្តៅខ្លួន ក្រោយរយៈពេល១០ថ្ងៃ នៃការធ្វើរោគវិនិច្ឆ័យរបស់លោក មានផ្ទុកវីរុស COVID-19 ។
ការចូលទៅកាន់មន្ទីរពេទ្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនេះ មិនមែនជាករណីអាសន្ន បណ្តាលមកពីវីរុស COVID-19 នោះឡើយ ។ ប៉ុន្តែវាជារឿងធម្មតា កាលណាលោកសមានអាការក្តៅខ្លួន គឺត្រូវតែចូលទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។ នេះបើតាមសេចក្តីប្រកាសថ្លែងការណ៍របស់វិមាន Downing Street ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ចនសុន អាយុ៥៥ឆ្នាំ បានប្រកាសថា លោកមានផ្ទុកវីរុស COVID-19 ហើយប្រកាសផ្តាច់ខ្លួននៅតែឯង រយៈពេល៧ថ្ងៃ នៅក្នុងភូមិគ្រឹះរបស់គាត់នៅ Dowing Street ។
បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា លោក ចនសុន ហាក់លេចឡើងនូវសញ្ញាក្តៅខ្លួនឡើងវិញ បន្ទាប់ពីបានជាសះស្បើយ ប្រហែល១សប្តាហ៍ ហើយធ្វើការពីលំនៅឋានមកនោះ។ លោកបានបន្តថា លោកស្ថិតនៅតែផ្ទះ ពីព្រោះកម្តៅនៅក្នុងខ្លួនមានកម្រិតខ្ពស់ ជារោគសញ្ញាមួយ នៃរោគសញ្ញា COVID-19 ។
សេចក្តីថ្លែងការណ៍បានប្រកាស កាលពីថ្ងៃទី៤ ខែមេសា ថា «តាមដំបូន្មានរបស់វេជ្ជបណ្ឌិត លោកនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនចូលទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើតេស្ត នៅយប់នេះ។ នេះគឺជាជំហានការពារជាមុន ហើយនាយករដ្ឋមន្ត្រីបន្តមានរោគសញ្ញាកូរ៉ូណាវីរុស ១០ថ្ងៃ បន្ទាប់ធ្វើតេស្តវិជ្ជមាន នៃវីរុស» ។
សូមជម្រាបថា នេះមិនមែនជាករណីអាសន្នអ្វីឡើយ ពីព្រោះនេះគ្រាន់តែជារោគសញ្ញា ដែលនៅតែបន្តលេចឡើងតែប៉ុណ្ណោ។ ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock ដែលវិជ្ជមានវីរុស COVID-19 ផងដែរនោះ បានជាសះស្បើយ ហើយវិលត្រឡប់ចូលទៅបំពេញការងារវិញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ផងដែរ៕ ប្រែសម្រួលដោយ៖ thach yat