នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានធ្វើការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ បានប្រទះឃើញម៉ូតូកែច្នៃចំនួន ០៣គ្រឿង និងគំនរឈើនៅរាយប៉ាយក្បែរចំការចន្ទីររបស់ប្រជាពលរដ្ឋ ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទម្លាក់ចោលយ៉ាងអាណាធិបតេយ្យ។
ការចុះល្បាតរកឃើញនេះនៅត្រង់ចំណុចនិយាមការ (៦៣៧១៥-១២៧៦៥) ស្ថិតក្នុងភូមិតេន ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជាលទ្ធផលកម្លាំងជំនាញបានធ្វើការរឹបអូសបានវត្ថុតាងរួមមាន ម៉ូតូប្រភេទកែច្នៃចំនួន ០៣គ្រឿង ឈើប្រភេទគគីរចំនួន ០៦ដុំ និងឈើប្រភេទសុក្រមចំនួន ០២ដុំ។ វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដឹកជញ្ជូនយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវជាបណ្តោះអាសន្ន ដើម្បីរង់ចាំប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ