អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិប Real Madrid និង AC Milan សញ្ជាតិប្រេស៊ីល កីឡាករ Ricardo Kaka បាននិយាយពីចំណូលចិត្តរបស់ខ្លួនទៅលើកំពូលកីឡាករបាល់ទាត់ពីររូបក្នុងពេលបច្ចុប្បន្ន ដែលគេស្គាល់ថាជា Cristiano Ronaldo និង Lionel Messi នៅក្នុងបណ្ដាញផ្សព្វផ្សាយ FIFA។
កីឡាករ Kaka គឺជាអតីតមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធ Ronaldo កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ក្នុងកំឡុងពេលនោះរូបគេទាំងពីរនាក់បានចាប់ដៃគូគ្នាលេងនៅតំបន់ប្រយុទ្ធ ហើយតែងតែប៉ះបាល់ឱ្យគ្នាស៊ុតបញ្ចូលទីទៅវិញទៅមកផងដែរ។ ក្រោយមក Kaka ក៏បានផ្លាស់ចេញពីក្លិប Madrid ត្រឡប់ទៅកាន់ក្លិបចាស់ AC Milan វិញបានរយៈពេល១ឆ្នាំ រួចក៏បន្តផ្លាស់ទៅនៅក្លិបជាច្រើនទៀតនៅប្រទេស អាមេរិក និងប្រេស៊ីលជាដើម។ លុះនៅឆ្នាំ២០១៧ រូបគេក៏បានប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះតែម្តង។
កាលពីពេលថ្មីនេះៗ Kaka ត្រូវបានអញ្ជើញទៅចូលរួមក្នុងកម្មវិធីមួយរបស់សមាគមបាល់ទាត់ FIFA ហើយមានសំណួរចោទសួរជាច្រើនអំពីរូបគេពេលនៅជាកីឡាករបាល់ទាត់។ អ្វីដែលកាន់តែពិសេសនោះគឺថា មានសំណួរមួយត្រូវបានចោទសួរថា “តើ Ronaldo និង Messi មួយណាដែលអ្នកគិតថាល្អជាង?”
ក្រោយការសួរសំណួរបានបញ្ចប់ Kaka បានឆ្លើយតបទៅនឹងសំណួរនោះថា “ខ្ញុំធ្លាប់លេងជាមួយ Cristiano ហើយគាត់ពិតជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំជ្រើសរើសយក Messi”។
អតីតខ្សែបម្រើប្រយុទ្ធរូបនេះបានបន្តទៀតថា “Messi គឺជាមនុស្សម្នាក់ដែលមានទេពកោសល្យលេងបាល់ទាត់តាំងពីកំណើត របៀបនៃការលេងរបស់គាត់មិនគួរឱ្យជឿនោះទេ”។
“ចំណែកឯ Cristiano រូបគេប្រៀបដូចជាម៉ាស៊ីនមួយដែលមានថាមពល មានន័យថា គាត់មិនត្រឹមតែរឹងមាំនិងរហ័សរហួនប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានស្មារតីរឹងមាំផងដែរ។ គាត់តែងតែចង់ឈ្នះ និងលេងឱ្យល្អបំផុតរាល់ការប្រកួតទាំងអស់”។
ជាចុងក្រោយ Kaka បានសរុបសេចក្តីថា “ក្នុងប្រវត្តិសាស្ត្របាល់ទាត់ Messi និង Ronaldo ប្រាកដជាស្ថិតក្នុងចំណោមកីឡាករខ្លាំងៗ ទាំង៥ ក្នុងពិភពលោក។ យើងពិតជាមានសំណាងណាស់ដែលបានឃើញពួកគេលេង”។
ក្នុងនោះផងដែរ Kaka មិនបានបញ្ជាក់ថាក្នុងចំណោមកីឡាករខ្លាំងៗ ទាំង៥ នោះជានរណាទេ ប៉ុន្តែយើងក៏អាចដឹងបានដែលថាជានរណានោះ គឺប្រហែលជា Ronaldo(កីឡាកររបស់ប្រេស៊ីល) Pele, និង Maradona ជាដើម៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato