តាមប្រភពព័ត៌មានបានផ្សាយថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសដំណឹងល្អថា នៅទូទាំងប្រទេស គឺពុំមានសូម្បីតែមួយករណី ស្តីអំពីវីរុស COVID-19 ត្រូវបានកត់ត្រានៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ ។ នៅប្រទេសនេះ វីរុស COVID-19 បានឆ្លងសរុប២៤០ករណី ក្នុងនោះ៩០នាក់ បានជាសះស្បើយ ហើយនិងពុំមានករណីបាត់បង់ជីវិតនោះទេ ។
ទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានផ្សាយថា «ជាករណីទីមួយហើយ ដែលប្រទេសនេះ ពុំមានករណីឆ្លង COVID-19 ចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នោះរៀងរហូតមក»។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានកត់ត្រាវីរុស COVID-19 ថ្មីចំនួន៣ករណី កាលពីថ្ងៃទី៤ ខែមេសា ធ្វើឲ្យកើនឡើងសរុប២២៤ករណី គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា ។
ប្រទេសនេះ មានករណីសង្ស័យ ចំនួន៣ ៧៣៦នាក់ និងជាង ៧៤ ០០០ នាក់ កំពុងដាក់ឲ្យស្ថិតនៅដោយឡែកពីគេឯង គិតមកត្រឹមថ្ងៃអាទិត្យ ។ ក្នុងចំណោមអ្នកឆ្លងវីរុស COVID-19 ទាំងអស់ មាន៩០នាក់បានជាសះស្បើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat