អភិបាលខេត្តភូកេតលោកPakkapong Thaweepat បានបញ្ជាឱ្យបិទតំបន់កំសាន្តពេលរាត្រីនៅទីប្រជុំជន ខណៈពេលដែលរដ្ឋបាលខេត្តកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19។ ការបិទនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃអាទិត្យនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
រាល់ច្រកចេញចូលទៅTambon Pathong ក្នុងស្រុក Krathu សាធារណជននិងយានយន្តត្រូវបានហាមឃាត់ លើកលែងតែអ្នកដែលដឹកទំនិញសំខាន់ៗដូចជា ប្រេងឥន្ធនៈ សម្ភារផ្គត់ផ្គង់ថ្នាំពេទ្យ និងហ្គាស LPG ប៉ុណ្ណោះ។ អ្នកដែលត្រូវការចូលគឺត្រូវសុំអនុញ្ញាតពីអាជ្ញាធរហើយត្រូវតែគោរពតាមបទបញ្ជារបស់មន្រ្តីត្រួតពិនិត្យ។ បន្ទាប់ពីបិទតំបន់ Tambon Pathong ហើយ មន្ត្រីសុខាភិបាលនឹងធ្វើការត្រួតពិនិត្យសុខភាពប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំដោយត្រួតពិនិត្យសីតុណ្ហភាពរបស់មនុស្សគ្រប់រូបដែលនៅស្រុក ។ អ្នកណាម្នាក់ដែលត្រូវបានគេរកឃើញថាមានអាការគ្រុនក្តៅនឹងត្រូវបានបំបែកចេញហើយទុកឱ្យនៅដាច់ដោយឡែកដើម្បីមានការងាយស្រួលក្នុងការសង្កេត។
និយោជិកសណ្ឋាគារដែលមានបំណងចង់ចាកចេញពីតំបន់នោះទៅស្នាក់នៅកន្លែងផ្សេង ត្រូវតែជូនដំណឹងដល់សណ្ឋាគាររបស់ពួកគេ គេនឹងបញ្ជូនបញ្ជីឈ្មោះទៅមន្រ្តីនៅប៉ុស្តិត្រួតពិនិត្យ Chatchai ដើម្បីសុំការអនុញ្ញាតចាកចេញពីតំបន់នោះ។ ប៉ុស្តិត្រួតពិនិត្យជាច្រើនត្រូវបានបង្កើតនៅច្រកចេញចូលទៅ Tambon Patong ដើម្បីអនុវត្តវិធានការណ៍បិទច្រកចេញចូលតំបន់នេះ។ អ្នករំលោភបំពានត្រូវបានគេព្រមានថា ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ម៉ឺនបាត។ នៅថ្ងៃសុក្រ សណ្ឋាគារទាំងអស់នៅភូកេតត្រូវបានបញ្ជាឱ្យបិទរហូតដល់មានការជូនដំណឹងបន្ថែម។ ភ្ញៀវដែលកំពុងស្នាក់នៅសណ្ឋាគារនឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅបន្តរហូតដល់ចប់ការកក់ប៉ុន្តែភ្ញៀវថ្មីមិនអនុញ្ញាតឱ្យទទួលឡើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD