សហរដ្ឋអាមេរិកបានបដិសេធលើកលែងទណ្ឌកម្មទៅលើអ៊ីរ៉ង់ ក្នុងអំឡុងពេលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំងនៅក្នុងប្រទេសនេះ ធ្វើឲ្យទីក្រុងតេអេរ៉ង់លំបាក់លំបិន ក្នុងការទទួលបានបរិក្ខារវេជ្ជសាស្ត្រសម្រាប់យកមកផ្គត់ផ្គងតាមតម្រូវការរបស់ខ្លួន ។ អ៊ីរ៉ង់បានប្រឹងប្រែងប្រយុទ្ធប្រឆាំងទប់ទល់ជាមួយវីរុស COVID-19ដោយខ្លួនឯងផ្ទាល់ ដោយមិនមានជំនួយពីអន្តរជាតិនោះឡើយ ។ អ៊ីរ៉ង់បានបង្កើតកម្មវិធីផ្ទាល់ខ្លួនឯង អាចជួយពិនិត្យរកវីរុស COVID-19 បានយ៉ាងឆាប់រហ័សជាងមុន ។
យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputniks នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា អ៊ីរ៉ង់បានអភិវឌ្ឍន៍កម្មវិធី(software)ផ្ទាល់ខ្លួនជួយរកវីរុស COVID-19 នៅក្នុងខ្លួនអ្នកជំងឺបានយ៉ាងឆាប់រហ័សជាងមុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតសិប្បនិមិត្តដើម្បីវិភាគ ទៅលើឧបករណ៍ស្កេន CT (Computed Tomography)ដែលស្កេនទៅលើសួតរបស់អ្នកជំងឺ ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ដកស្រង់ចុះផ្សាយថា បច្ចេកវិទ្យានេះ អាចឲ្យលោកវេជ្ជបណ្ឌិតមើលសួតអ្នកជំងឺបានឆាប់រហ័សថា តើមានឆ្លងវីរុស COVID-19 ដែរឬទេ ខណៈដែលកាលពីពេលមុននេះ ក្រុមវេជ្ជបណ្ឌិតបានពិនិត្យមើលតាមរយៈដៃ ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ងរូបនោះបញ្ជាក់នៅក្នុងសន្និសីទកាសែតថា «នៅពេលដែលយើងមានអ្នកជំងឺច្រើននៅក្នុងមន្ទីរពេទ្យ ឬយើងមិនបានឆ្លងកាត់តាមរយៈការពិនិត្យកាំរស្មីនោះ, ប្រព័ន្ធនេះអាចជួយបានធ្វើជាវេជ្ជបណ្ឌិតមួយរូប ។ ឧបករណ៍នេះបានប្រើប្រាស់ជាប្រព័ន្ធបច្ចេកទេសបញ្ជាពីចម្ងាយ និងជាឧបករណ៍ឈានមុខគេផងដែរនៅលើពិភពលោក» ។
ការច្នៃប្រឌិតនេះបានបង្កើតឡើងក្នុងអំឡុងរយៈពេលប្រហែល១ខែមកហើយ ដោយមានការចូលរួមពីសាកវិទ្យាល័យនានានៅអ៊ីរ៉ង់ផងដែរ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់មានអ្នកផ្ទុកវីរុស COVID-19 សរុប ៥៥ ៧៤៣ នាក់ ក្នុងនោះ បាត់បង់ជីវិត ៣ ៤៥២នាក់ និង ១៧ ៩៣៥នាក់បានជាសះស្បើយផងដែរ ។ តួលេខនេះ គឺតាមការផ្សាយរបស់ប្រភព wikipedia ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat