យោងតាមការចេញផ្សាយរបស់គេហទំព័រ France24 កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា បុរសស៊ូដង់ម្នាក់ជាជនភៀសខ្លួនបានវាយប្រហារភេរវកម្មដោយប្រើកាំបិតចាក់ប្រហារស្ថិតនៅទីក្រុងភាគអាគ្នេយ៍របស់ប្រទេសបារាំង សម្លាប់មនុស្ស២នាក់ និង៥នាក់ទៀតរងរបួស ។
លោក Cristophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលបានទៅពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ស្លាប់មនុស្ស២នាក់ និង៥នាក់បានរងរបួស ។
ជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួន ហើយមិនបានតដៃជាមួយកងកម្លាំងសន្តិសុខនោះឡើយ ។ ជនវាយប្រហារឈ្មោះ Abdallah A.-O.អាយុ៣០ឆ្នាំ មកពីប្រទេសស៊ូដង់ បានសិទ្ធិជាជនភៀសខ្លួន រស់នៅទីក្រុង Romans-sur-Isere របស់បារាំងនោះកាលពីឆ្នាំ២០១៧។ ជននេះបានស្នើសុំប៉ូលិសសម្លាប់រូបគេ បន្ទាប់ពីប៉ូលិសបានចូលទៅចាប់ខ្លួន ។
ប៉ូលិសប្រឆាំងភេរវកម្មបារាំងបានស្រាវជ្រាវរកឃើញថា ការវាយប្រហារនេះជាអំពើភេរវកម្ម ។ នៅលើខ្លួនរបស់ឃាតក ប៉ូលិសបានរកឃើញភស្តុតាងផ្សេងទៀតពាក់ព័ន្ធជាមួយក្រុមជ្រុលនិយម ។ សាក្សីថា មុនពេលចាក់ប្រហារទៅលើជនរងគ្រោះ ឃាតករូបនេះបានស្រែកថា «ព្រះដ៏អស្ចារ្យ» (Allah Akbar!) ។
គួរបញ្ជាក់ថា ទីក្រុងRomans-sur-Isere ដែលជាកន្លែងកើតហេតុ មានប្រជាជនរស់នៅប្រហែល ៣៥ ០០០ នាក់ ។ នៅទូទាំងប្រទេសបារាំងទាំងមូល បាននិងកំពុងអនុវត្តបម្រាមរបស់រដ្ឋាភិបាល ហាមចាកចេញពីផ្ទះដើម្បីទប់ស្កាត់ជំងឺឆ្លង COVID-19 ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចត្រូវបានព្រមានឲ្យប្រុងប្រយ័ត្នចំពោះអំពើភេរវកម្ម ។
ប្រធានាធិបតីបារាំង លោក Emmauel Macron បានហៅទង្វើនេះជា«សកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមបំផុត» ។
តាមការផ្សាយប្រភពព័ត៌មានដដែលបញ្ជាក់ថា មុនការចាក់ប្រហារ ជនសង្ស័យជាតឃតកបានចូលទៅក្នុងហាងលក់ថ្នាំជក់មួយកន្លែង ហើយបានវាយទៅលើបុរសជាម្ចាស់ផ្ទះ និងប្រពន្ធរបស់គាត់ ។
បន្ទាប់មកជនល្មើសបានចូលទៅហាងលក់សាច់មួយកន្លែង ហើយយកបានកាំបិត មុនពេលចាកចេញពីទីនោះទៅកាន់កណ្តាលទីក្រុងកាប់ប្រហារទៅលើប្រជាជនអ្នកដំណើរតាមដងផ្លូវមិនរើសមុខ ស្ថិតនៅខាងក្រៅហាងលក់នំបុ័ងមួយកន្លែង ។
ជនល្មើសក៏បានកាប់អតិថិជនកំពុងទិញសាច់ម្នាក់ផងដែរ មុនពេលរត់គេចខ្លួន។
ប៉ូលិសប្រឆាំងភេរវកម្មបារាំងស៊ើបអង្កេតហើយចាត់ទុកទង្វើនេះគំរាមកំហែងដល់សន្តិសុខសាធារណៈ និងជាអំពើភេរវកម្ម ។
គួរបញ្ជាក់ថា បារាំងបានចូលដល់សប្តាហ៍ទី៣ហើយ នៅក្នុងដំណើរការបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការរាតត្បាតពីជំងឺ COVID-19 ។ ពលរដ្ឋបារាំងទាំងអស់ស្នើឲ្យស្ថិតនៅតែក្នុងផ្ទះ ។ លើកលែងតែករណីចាំបាច់ពិសេសទើបអនុញ្ញាតឲ្យធ្វើដំណើរ ។
បើទោះបីបារាំងស្ថិតនៅក្នុងដំណាក់កាលបិទប្រទេសក៏ពិតមែន ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ចត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នជានិច្ចចំពោះអំពើភេរវកម្ម ។
សន្តិសុខបារាំងបានយកចិត្តទុកប្រុងប្រយ័ត្នចំពោះការវាយប្រហារភេរវកម្មបង្កឡើងដោយក្រុមនិយមជ្រុលជីហាដ ។ ក្រុមនេះបានវាយប្រហារភេរវកម្មសម្លាប់រង្គាលនៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ។
ប្រភព AFP បានអះអាងថា មនុស្សប្រហែល២៥៨នាក់មកហើយបានស្លាប់នៅក្នុងប្រទេសបារាំង ដោយសារតែអំពើវាយប្រហារភេរវកម្មរហូតមកទល់ពេលនេះ ៕ ប្រែសម្រួលដោយ៖ thach yat