ភ្នំពេញ៖ ស្ថានភាពរីករាលដាលវីរុសកូវីដ ១៩ នៅកម្ពុជា ហាក់កំពុងបង្ហាញពីភាពវិជ្ជមានច្រើន ដោយកាលពីថ្ងៃសុក្រ ទី ៣ មេសា គឺមិនមានករណីឆ្លងថ្មីនោះឡើយ ខណៈចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ កើតឡើង ១៥ នាក់បន្ថែមទៀត។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាល វេលាម៉ោង ១០ព្រឹក ថ្ងៃសៅរ៍ ទី៤ មេសានេះ គឺមិនបានរកឃើញករណីឆ្លងថ្មី ហើយត្រូវចាត់ទុកជាលើកទី២ សម្រាប់កម្ពុជា ចាប់តាំងពីមានការរីករាលដាលក្នុងប្រទេសប្រមាណជាងមួយខែកន្លងមកនេះ។
សម្រាប់អ្នកជំងឺជាសះស្បើយទាំង ១៥នាក់ មានជនជាតិម៉ាឡេស៊ី ២នាក់នៅខេត្តកំពត ជនជាតិខ្មែរម្នាក់ នៅបាត់ដំបង ជនជាតិខ្មែរម្នាក់នៅស្រុកស្អាង ខេត្តកណ្តាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នៅភ្នំពេញ ជនជាតិបារាំង ៩នាក់ មានស្រ្តី ៤នាក់ និងបុរស ៩នាក់នៅខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរម្នាក់ទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយទេសចរណ៍ជនជាតិបារាំង ក៏ជាសះស្បើយហើយដែរ។
សរុបករណីវីរុសកូវីត ១៩ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ករណីឆ្លងសរុបមាន ១១៤ករណី និងជាសះស្បើយមាន ៤៩នាក់៕ ដោយ៖ ត្នោត