តាកែវ៖ អ្នកចាត់ការក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បានឱ្យដឹងថា ក្នុងចំណោមកីឡាករទាំងអស់ត្រូវបានបែងចែកជាក្រុមតូចៗផ្សេងៗគ្នា ដោយមួយក្រុមមានពីចន្លោះ៦ទៅ៧នាក់ សម្រាប់ការហ្វឹកហាត់ប្រចាំថ្ងៃអំឡុងការរាតត្បាតជំងឺកូវីដ១៩។
លោក ឌុក វាសនា ប្រាប់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាថា៖ “ក្រោយមានការផ្ទុះជំងឺកូវីដ១៩ ហ្នឹងមក ឯកឧត្តមប្រធាន សុខ ពុទ្ធិវុធ បានឲ្យយើងសម្រាកជាងកន្លះខែហើយ ដើម្បីថែរក្សាសុខភាពកីឡាករ, ក្រុមការងារ និងគ្រូបង្វឹក។ ទើបតែនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទេ យើងបានចូលហាត់វិញ តែក្នុងនោះគ្រូបែងចែកការហាត់ជាក្រុមៗផ្សេងៗគ្នា ដោយមួយក្រុមមានចន្លោះ៦ទៅ៨នាក់ ហាត់ឆ្លាស់ថ្ងៃគ្នា។ ឧបមាថា ថ្ងៃនេះក្រុមនេះហាត់អ៊ីចឹងទៅ ថ្ងៃស្អែកមួយក្រុមផ្សេងទៀតមកហាត់ទៅ ហើយពេលហាត់អត់នៅកៀកគ្នាទេ យ៉ាងហោចក៏ ៣ម៉ែត្រដែរ។ សម្រាប់ក្រុមដែលត្រូវវេនហាត់ផ្ទាល់នៅទីលាន យើងក៏បានដាក់លំហាត់ឲ្យពួកគាត់ហាត់នៅផ្ទះដែរ”។
សូមរម្លឹកឱ្យដឹងថា គិតត្រឹមសប្ដាហ៍ទី៥ នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ក្លិបគិរីវង់សុខសែនជ័យ ដោយមិនទាន់ស្គាល់ជ័យជម្នះនៅឡើយនោះទេ និងកំពុងឈរនៅលេខរៀងទី១១ ក្បែរបាតតារាង៕ ដោយ៖ តារា