ធនាគារពិភពលោក បានយល់ព្រមជាលើកដំបូងនូវមូលនិធិជួយដល់ប្រទេសក្រីក្រ នៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។
ធនាគារពិភពលោក បានយល់ព្រមផ្តល់កញ្ចប់ជំនួយ ១,៩ពាន់លានដុល្លារអាមេរិកឲ្យដល់ប្រទេសចំនួន២៥ នៅជុំវិញពិភពលោក។ ការយល់ព្រមនេះបានធ្វើឡើង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។ ក្នុងទំហំទឹកប្រាក់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេដឹងថា ធនាគារពិភពលោកផ្តល់ជូន១ពាន់លានដុល្លារដល់ប្រទេសឥណ្ឌា, ផ្តល់ជូន២០០លានដុល្លារដល់ប៉ាគីស្ថាន, ផ្តល់ជូន១២៩លានដុល្លារដល់ស្រីលង្កា, ផ្តល់ ជូន១០០លានដុល្លារដល់អាហ្វហ្គានីស្ថាន…និង៨៣លានដុល្លារផ្តល់ជូនប្រទេសអេត្យូពី។
ប្រធានធនាគារពិភពលោក David Malpass បានព្យាករថា ធនាគារអាចផ្តល់ជំនួយរហូតដល់១៦០ពាន់លានដុល្លារ ក្នុងរយៈពេល១៥ខែខាងមុខ។
មន្ត្រីធនាគារពិភពលោក បានថ្លែងថា ធនធានបន្ទាន់អាចរួមបញ្ចូលទឹកប្រាក់ សម្រាប់ទិញបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ ដូចជាម៉ាស់ ហើយនិងឧបករណ៍បំពង់ជំនួយដកដង្ហើមជាដើម, ដោយធនាគារពិភពលោកឲ្យខ្ចីនូវ ជំនាញលទ្ធកម្មរបស់ខ្លួន ដើម្បីជួយក្នុងការទទួលបាននូវបរិក្ខារទាំងនេះ នៅលើទីផ្សារពិភពលោក។
មន្ត្រីធនាគារពិភពលោក បានបន្តថា ការយល់ព្រមដំណាក់កាលដំបូងនេះ ជួយដល់ប្រទេសចំនួន២៥ ហើយបន្ទាប់ពីពេលនេះ ឆាប់ៗ គឺជួយដល់ប្រទេសបន្ថែម៤០ផ្សេងទៀត។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនេះទៀត លោក David Malpass បានថ្លែងថា លោក និងលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងបញ្ចុះបញ្ចូលប្រទេសឧស្សាហកម្មជឿនលឿន (G20) នៅលើពិភពលោកឲ្យជួយគាំទ្រនូវការផ្អាករយៈពេល១៤ខែ ដែលតម្រូវឲ្យប្រទេសក្រីក្របំផុតសងបំណុលនោះ។
លោក Malpass បានថ្លែងថា រហូតដល់ឆ្នាំខាងមុខនេះ ទឹកប្រាក់រហូតដល់១៤ពាន់លានដុល្លារ ដែលប្រទេសទាំងឡាយ អាចប្រើប្រាស់បាន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ។
លោកបានថ្លែងថា គម្រោងនេះបានពិភាក្សា កាលពីសប្តាហ៍មុន នៅក្នុងពេលធ្វើសន្និសីទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំប្រទេស G-20។
លោក Malpass បានថ្លែងថា លោកសង្ឃឹមថា ផែនការនេះ អាចទទួលបានការយល់ព្រម នៅពេលគណៈកម្មការនយោបាយ, គណៈកម្មការនយោបាយអភិវឌ្ឍធនាគារពិភពលោក ជួបប្រជុំដ៏សំខាន់មួយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ខាងមុខ ៕ ប្រែសម្រួលដោយ៖ thach yat