បាល់ទាត់៖ ខ្សែការពារស្លាបស្តាំរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ សំអឿន ពិដោរ បានឆ្លៀតទៅធ្វើលំហាត់ប្រាណដោយខ្លួននៅពហុកីឡដ្ឋានជាតិ ស្ទើតែរៀងរាលថ្ងៃ អំឡុងពេលសម្រាកមិនមានការប្រកួតនេះ ដើម្បីរក្សានូវកម្លាំងកុំឲ្យធ្លាក់ចុះ និងបំពេញបន្ថែមនូវបច្ចេកទេសមួយចំនួនដែលខ្លួននៅមានចន្លោះខ្វះខាត។ នៅពហុកីឡដ្ឋានជាតិ កាលពីពេលថ្មីៗនេះ កីឡាករ សំអឿន ពិដោរ បានប្រាប់ BTV ថា ក្រោយទទួលបានដំណឹងថា គ្រប់ការប្រកួតត្រូវបានផ្អាក ធ្វើឲ្យខ្លួនក៏ដូចជាកីឡាករដ៏ទៃទៀតមានអារម្មណ៍មិនសូវសប្បាយចិត្ត ព្រោះពួកគេខិតខំហ្វឹកហាត់ខ្លាំងដើម្បីការប្រកួតប្រជែង។ ពិដោរ បានបន្តថា ក្រោយសេចក្តីជូនដំណឹងអំពីការផ្អាកការប្រកួតនានា របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់លំហាត់ឲ្យកីឡាករយកទៅអនុវត្តនៅតាមផ្ទះរៀងៗខ្លួន ហើយគ្រូបង្វឹកបានណែនាំឲ្យកីឡាករចេះរក្សាកម្លាំង ធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនឲ្យបានល្អពេលចូលហ្វឹកហាត់វិញ។
លើសពីការងារដែរលោក Corner Nester ដែលជាគ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់ឲ្យកីឡាករខ្សែការពារស្លាបស្តាំរូបនេះ បានទៅធ្វើលំហាត់ប្រាណដោយខ្លួនឯង ៦ថ្ងៃក្នុងមួយសប្តាហ៍ ខណៈដែល រូបគេគិតថា វាជាឱកាសដ៏ល្អ ដើម្បីខ្លួនត្រូវខិតខំបន្ថែមទៀត ក្នុងការប្រមូលកម្លាំងមកបំពេញនូវចំនុចខ្វះខាត។ អតិតកីឡាករជម្រើសជាតិវ័យ២៣ឆ្នាំរូបនេះ សម្តែងនូវការសោកស្តាយចំពោះការកើតឡើងនូវជំងឺកូវីដ១៩ ហើយរូបគេសង្ឃឹមថាវានឹងរលាយបាត់ទៅវិញក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យគ្រប់វិស័យទាំងអស់បានដំណើរការឡើងវិញ ជាពិសេសវិស័យកីឡាបាត់ទាត់បានវិលទៅរកការប្រកួតធម្មតា។ គួរដឹងដែរថា កីឡាករ សំអឿន ពិដោរ គឺជាកីឡាករដែលមានដើមកំណើតនៅ ខេត្តកំពង់ឆ្នាំង ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិតាំងពីឆ្នាំ២០១៥ ហើយបច្ចុប្បន្ន រូបគេកំពុងប្រកបអាជីពបាល់ទាល់ជាខ្សែបម្រើការពាររបស់ក្លឹបព្រះខ័នរាជស្វាយរៀង៕