បាល់ទាត់៖ ក្លិបបាល់ទាត់ Bayern Munich បានប្រកាសផាកពិន័យកីឡាករ Jerome Boateng បន្ទាប់ពីខ្សែការពាររូបនេះ បានបំពានទៅលើបំរាមរបស់ក្លិបដែលមិនអនុញ្ញាតឱ្យកីឡាករចាកចេញឆ្ងាយពីផ្ទះរបស់ខ្លួន ដោយបានចាកចេញពីទីក្រុង Munich ទៅសួរសុខទុក្ខកូនប្រុសខ្លួនដែលមានជំងឺ។ នៅក្នុងសេចក្តីថ្លែងការមួយ ក្លិប Bayern Munich បានបញ្ជាក់ថា ក្លិបសម្រេចពិន័យខ្សែការពារវ័យ ៣១ឆ្នាំខាងលើ ដោយសារតែកីឡាកររូបនេះបានបំពានគោលការណ៍ណែនាំដោយក្លិប ដែលហាមប្រាមកីឡាករមិនឱ្យចាកចេញឆ្ងាយពីផ្ទះរបស់ខ្លួន។ យ៉ាងណាមិញ Boateng បានទទួលកំហុស និងគោរពការសម្រេចផាកពិន័យរបស់ក្លិប ប៉ុន្តែគេបាននិយាយថា នេះជារឿងគួរឱ្យសោកសៅមួយ។
កីឡាករម្ចាស់អាវលេខ ១៧ រូបនេះបាននិយាយថា គេដឹងថានេះជាកំហុសដែលមិនបានជូនដំណឹងទៅកាន់ក្លិបពីដំណើរចេញមកខាងក្រៅនេះ ប៉ុន្តែគេបានបន្តថា នៅពេលនោះក្នុងការគិតរបស់គេមានតែកូនប្រុសម្នាក់គត់។ កូនប្រុសរបស់គេមានវ័យ ៤ឆ្នាំ និងមានសុខភាពមិនសូវល្អឡើយ ដូច្នេះក្នុងនាមជាឪពុក គេអាចទទួលពិន័យបានគ្រប់យ៉ាង តែគេពិតជាមិនអាចទុកកូនប្រុសតូចនៅម្នាក់ឯងបានឡើយ។ Boateng បានបន្តដូច្នេះ។ ទោះជាយ៉ាងនេះក្តី ក្លិប Bayern Munich មិនបានទម្លាយពីចំនួនទឹកប្រាក់នៃការផាកពិន័យនេះឡើយ គ្រាប់តែបានបញ្ជាក់ថា ទឹកប្រាក់ពិន័យនេះនឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យទីក្រុង Munich។ ទន្ទឹមនឹងនេះ ក្លិបក៏បានបន្ថែមថា វិធានការនៃការអនុវត្តនេះ ក្លិបធ្វើឡើងក្នុងនាមជាគំរូ នឹងជាការចូលរួមចំណែកអនុវត្តការទប់ស្កាត់ស្ថានភាពនៃជំងឺឆ្លងនេះ ទៅតាមការណែនាំរបស់រដ្ឋាភិបាល និងអាជ្ញាធរសុខភាពរបស់អាល្លឺម៉ង់៕