ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានព្រមានវាយប្រហារអ៊ីរ៉ង់ ដោយផ្ទាល់ ប្រសិនបើអ៊ីរ៉ង់ ឬបក្ខពួករបស់គេ មិនព្រមបញ្ឈប់ការវាយប្រហារមកលើគោលដៅទីតាំងទ្រព្យសម្បត្តិ ក៏ដូច កងកម្លាំងយោធាអាមេរិកទេនោះ ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មាន The Straits Times ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ បានព្រមានលោក ត្រាំ មិនត្រូវវាយប្រហារអ៊ីរ៉ង់ ដោយអត្តនោម័តខ្វះការពិភាក្សាជាមុនជាមួយសភានោះឡើយ ។ លោក ត្រាំ មិនត្រូវធ្វើដូចអ្វីដែលធ្លាប់បានកើតឡើង កាលពីខែមករា ឆ្នាំ២០២០ សម្លាប់មេទ័ពអ៊ីរ៉ង់មួយរូប នៅអ៊ីរ៉ាក់ ឡើយ ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងលិខិតមួយច្បាប់ មេដឹកនាំគណបក្សប្រជាធិបតេយ្យបានសរសេរថា លោកដូណាល់ ត្រាំ ត្រូវតែពិភាក្សាជាមួយសភាជាមុនសិន នៅពេលធ្វើសកម្មភាពយោធាណាមួយនៅក្រៅប្រទេស ។ ក្រុមប្រជាធិបតេយ្យ បានបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះទៅលើកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ឆ្លុះបញ្ចាំងអំពីការគំរាមកំហែង ដែលអាចតម្រូវឲ្យមានឆ្លើយតបពីកងកម្លាំងយោធា។
ប្រធានាធិបតីអាមេរិក ត្រាំ បានព្រមានខ្លាំងៗ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ថា លោកកំពុងពិចារណាការវាយប្រហារអ៊ីរ៉ង់ បើសិនកងកម្លាំងប្រុកស៊ី (proxy) ជាថ្មីម្តងទៀត វាយប្រហារមកលើកងកម្លាំងសហរដ្ឋអាមេរិក ។ លោក ត្រាំ បានថ្លែងថា រដ្ឋបាលរបស់គាត់ «ទទួលបានព័ត៌មានយ៉ាងច្បាស់» ថា ពួកជីវពលគាំទ្រ ដោយអ៊ីរ៉ង់ កំពុងមានគម្រោងការវាយប្រហារបន្ថែមទៀត ។
គួរកត់សម្គាល់ថា សហរដ្ឋអាមេរិក បានវាយប្រហារសងសឹក ក្រោយពីការវាយប្រហារតាមអាកាស កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុម Kataib ហេសបូឡាហ៍ ដែលជាក្រុមជីវពលអ៊ីរ៉ាក់ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានអះអាងថា បើសិនក្រុមប្រុកស៊ី វាយប្រហារម្តងទៀតនោះ សហរដ្ឋអាមេរិកនឹងពិចារណា វាយប្រហារដោយផ្ទាល់ទៅលើកងកម្លាំងអ៊ីរ៉ង់ តែម្តង ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា «បើសិនមានការវាយប្រហារម្តងទៀតនោះនឹងមានការឆ្លើយតប ហើយខ្លាំងជាងមុន បើសិនពួកគេធ្វើអ្វីមួយនោះ» ។
កាលពីពេលមុននេះ ប្រធានាធិបតី ត្រាំ បានព្រមានអ៊ីរ៉ង់រួចហើយប្រឆាំងនឹងការ «ឆ្មក់វាយប្រហារ» មកលើកងកម្លាំងអាមេរិក និងការវាយប្រហារសងសឹក ។
ថ្លែងនៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ផ្អែកលើព័ត៌មាន និងការជឿជាក់ អ៊ីរ៉ង់ ឬក្រុមប្រុកស៊ីរបស់គេ កំពុងរៀបផែនការវាយប្រហារឆ្មក់ មកលើកងកម្លាំងអាមេរិក ឬទីតាំងទ្រព្យសម្បត្តិអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់។ បើសិនមានការកើតឡើង ដូច្នេះមែននោះ អ៊ីរ៉ង់នឹងសងនូវសំណងមហាសាល ដ៏ពិតប្រាកដ»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺជាការបញ្ជាក់ជាថ្មីបំផុតថា សេតវិមានកំពុងពិចារណា ធ្វើសកម្មភាពប្រឆាំងទៅលើអ៊ីរ៉ង់ ហើយនិងកងកម្លាំងប្រុកស៊ីរបស់គេ។
ស្ថានការណ៍តានតឹងជាមួយអ៊ីរ៉ង់ បានធ្លាក់ក្នុងសភាពដុនដាបខ្លាំង ចាប់ផ្តើមតាំងពីឆ្នាំ២០២០ គឺក្រោយពេលលោកប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យសម្លាប់មេបញ្ជាការអ៊ីរ៉ង់មួយរូប ឈ្មោះ Qassem Soleimani ។ អាមេរិកបានចោទប្រកាន់មេទ័ពអ៊ីរ៉ង់រូបនេះ ជាមេខ្លោងវាយប្រហារមកលើកងកម្លាំង និងទីតាំងទ្រព្យសម្បត្តិរបស់អាមេរិកនៅអ៊ីរ៉ាក់៕ ប្រែសម្រួលដោយ៖ thach yat