មន្ត្រីបារាំងមួយរូប បាននិយាយទៅកាន់សារព័ត៌មាន RT ថា អាមេរិកបានទិញដាច់នូវទំនិញ «ម៉ាស់» មួយយន្តហោះ នៅក្នុងអាកាសយានដ្ឋានតែម្តង ក្នុងពេលយន្តហោះត្រៀមហោះហើរ ដឹកម៉ាស់ទាំងនោះ ទៅកាន់ប្រទេសបារាំង។
បច្ចុប្បន្នប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក ប្រឈមនឹងកង្វះខាតសម្ភារ បរិក្ខារពេទ្យ ពិសេសគឺម៉ាស់ការពារការឆ្លងកូវីដ-១៩។ បារាំងបានបញ្ជាទិញម៉ាស់ពីចិន ចំនួន១ពាន់លានម៉ាស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ នៅក្នុងប្រទេស។
នៅក្នុងប្រទេសបារាំង បើតាមច្បាប់ថ្មី មន្ត្រីក្នុងរដ្ឋ និងទីក្រុងអាចបញ្ជាទិញសម្ភារ បរិក្ខារពេទ្យ ដោយផ្ទាល់ពីប្រទេសចិន ហើយសងប្រាក់ជាមុនទៀតផង ដើម្បីទទួលបានទំនិញកាន់តែឆាប់បំផុត។ លោក Renaud Muselier មន្ត្រីក្នុងតំបន់ Provence-Alpes-Côte d’Azur និងមន្រ្ដីក្នុងតំបន់ផ្សេងទៀតបានបញ្ជាទិញម៉ាស់ពីចិន ចំនួន៦០លានម៉ាស់ ។ ប៉ុន្តែទំនិញទាំងនោះបានជួបបញ្ហាមួយចំនួន ដោយសារមិនអាចប្រគល់ទាន់ពេល នៅថ្ងៃទី២ ខែមេសា ដោយសារតែអាមេរិកស្ទាក់ទិញម៉ាស់មួយយន្តហោះតែម្តង ដោយហ៊ានឲ្យតម្លៃ លើសទ្វេដង។
លោក Renaud Muselier បានបញ្ជាក់ថា អាមេរិក «អាមេរិកលេងល្បែងខូច» ដោយស្ទាក់ទិញទំនិញដែលបម្រុងបញ្ជូនទៅបារាំង ដោយសងប្រាក់នៅកន្លែងចតយន្តហោះតែម្តង។ ទំនិញទាំងនោះ គឺអាមេរិកហ៊ានឲ្យតម្លៃទ្វេដង គឺមួយទៅជាពីរ ឲ្យទំនិញទាំងនោះដឹកទៅដល់អាមេរិក។ ចំណែកបារាំង ត្រូវរង់ចាំទំនិញជើងក្រោយ»។
នៅពេលនេះបារាំងរកវិធានការ និងក្រុមហ៊ុនដឹកជញ្ជូន ដែលមិនប្រែប្រួល ឬត្រូវគេស្ទាក់ទិញ នៅកណ្តាលផ្លូវបែបនេះ។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា « ពួកគេឲ្យតម្លៃខ្ពស់ជាងទ្វេដង ហើយឲ្យលុយនឹងមុខតែម្តង បើទោះជាមិនបានឃើញទំនិញក្តី៕ ប្រែសម្រួលដោយ៖ MEO