បើគិតក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ កើនឡើង១២០នាក់ ស្លាប់២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនិងស្លាប់សរុប កើនឡើងដល់១៧៧១នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ៥០៥នាក់។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ វិបត្ដិកូវីដ១៩បានធ្វើឲ្យប្រទេសថៃ ស្ថិតក្នុងស្ថានភាពមួយដ៏អាក្រក់។ រីឯការឆ្លងរីករាលដាល ក៏នៅតែចេះបន្ដកើនឡើង ហើយមិនអាចមានលទ្ធភាពឆ្លើយតបបាន នៅក្នុងតំបន់ និងខ្វះការប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ ក៏ដូចជា ការដល់ដឹងអំពីសារសំខាន់ នៃការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក នៅឆ្ងាយពីសង្គម និងការប្រកាន់យកវិធានការចាំបាច់នានា សម្រាប់ទប់ស្កាត់វីរុសកូវីដ១៩នេះ។
យោងតាមអាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ នៅថ្ងៃនេះ (ទី២ មេសា) ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងថ្មី កើនឡើងដល់១២០នាក់ និងស្លាប់២នាក់។ បើគិតតឹ្រមថ្ងៃទី២ ខែមេសា នៅទូទាំងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ សរុប១៧៧១នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ៥០៥នាក់។ នៅក្នុងចំណោមរាជធានី-ខេត្ត ចំនួន៦២របស់ថៃ គឺរាជធានីបាងកក ជាចំណុច មាន ការឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លង ចំនួន៨៤១នាក់។ បន្ទាប់មក គឺខេត្តណុនថាប៊ូរី មានអ្នកឆ្លង៨២នាក់ ខេត្ដភូកេតមានអ្នកឆ្លង ចំនួន៨០ករណី និងខេត្ដយ៉ាឡា មានអ្នកឆ្លង៤៩ករណី។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅពីអ្នកជំងឺខាងលើនេះ ក៏មានការសង័្សយចំនួន២០២៩៧ ករណីផ្សេងទៀត នៅពាសពេញប្រទេស ហើយត្រូវបានដាក់ក្នុងការស៊ើបអង្កេត និងតាមដានសុខភាព។
មន្រ្ដីជំនាញសុខាភិបាលថៃ ធ្លាប់លើកឡើង កាលពីពេលថ្មីៗកន្លងមកនេះថា ស្របពេលថ្ងៃបុណ្យចូលឆ្នាំថ្មី កាន់តែខិតចូលមកដល់ នាថ្ងៃទី១៣-១៦ ខែមសា ខាងមុខនេះ ប្រជាពលរដ្ឋបាន និងកំពុងធ្វើដំណើរចាក ចេញពីទីក្រុងជាបណ្ដើរៗ ឆ្ពោះទៅកាន់ស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ នេះក៏ជាឱកាស នៃការរីករាលដាលវីរុសដ៏កាចសាហាវនេះផងដែរ។ ដោយសារតែការធ្វើដំណើររបស់ពលរដ្ឋ អាចនឹង ធ្វើឲ្យ ការឆ្លងរាលដាល នៃវីរុសនេះកាន់តែច្រើនឡើងថែមទៀត។ រីឯវិធីសាស្រ្ដ ដែលអាចទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ មានតែពលរដ្ឋកុំប្រមូលផ្ដុំគ្នា និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសង្គម ហើយប្រកាន់នូវវិធានការណែនាំនានារបស់ស្ថាប័នសុខាភិបាលតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ Nuon