ក្នុងរយៈពេល២៤ម៉ោង អង់គ្លេសមានអ្នកស្លាប់កើនឡើងដល់ទៅ៥៦៣នាក់ ដោយកូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាលត្រូវបញ្ជូនកម្លាំងទាហាន ប្រមាណ៣០០០នាក់ចូលរួមទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។
តាមតួលេខរបស់ក្រសួងសុខាភិបាលអង់គ្លេស បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់កើនដល់ទៅ៥៦៣នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ជាង២៣០០នាក់ ។ ចំណែកអ្នកឆ្លងវិញ ក៏បានកើនឡើងខ្ពស់ផងដែរ ដោយមានអ្នកឆ្លង ជាង៤៣០០នាក់ ក្នុងរយៈ២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ជាងជិត៣០ពាន់នាក់ហើយ។
គិតពីថ្ងៃទី១ ខែមីនា អង់គ្លេស មានអ្នកស្លាប់ចំនួន៧២៨នាក់ ប៉ុន្តែមកដល់ថ្ងៃទី១ ខែមេសា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង២៣០០នាក់ ។
ការឆ្លងនិងស្លាប់កើនឡើងបែបនេះ បានធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល។ ជាមួយគ្នានេះដែរ បុគ្គលិកសុខាភិបាលជាច្រើនប្រឈមនឹងការឆ្លងកូវីដ-១៩។ ដើម្បីជួយដល់ ក្រសួងសុខាភិបាល នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩នេះ រដ្ឋាភិបាលអង់គ្លេសបានសម្រេចបញ្ជូនទាហានបន្ថែម៣ពាន់នាក់ទៀត សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។ បច្ចុប្បន្នអង់គ្លេសបានបញ្ជូនទាហានដល់ទៅ ២ម៉ឺននាក់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩៕ ប្រែសម្រួលដោយ៖MEO