នៅក្នុងរដ្ឋមួយរបស់អូស្ត្រាលី ដែលមានប្រជាជនរស់នៅច្រើនបំផុត កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ប៉ូលិសបានប្រកាសរឹតត្បិតកាន់តែខ្លាំងឡើងបន្ថែមទៀតទៅលើការធ្វើដំណើររបស់ប្រជាជន ក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុស COVID-19 ។ ការអនុវត្តដាក់កំហិតនេះ មានរយៈពេល៩០ថ្ងៃ ស្របពេលបច្ចុប្បន្ន ចំនួនករណីថ្មី COVID-19 របស់អូស្ត្រាលី មានការធ្លាក់ចុះផងដែរ ។
បន្ទាប់ពីបទបញ្ជារបស់រដ្ឋាភិបាលសហព័ន្ធកំហិតទៅលើពលរដ្ឋ មិនឲ្យប្រមូលផ្តុំគ្នា តាមទីសាធារណៈលើសពីពីរនាក់នោះ នៅតាមរដ្ឋនានារបស់អូស្ត្រាលី ក៏មានការណែនាំដល់កងកម្លាំងប៉ូលិសឲ្យផាកពិន័យ រហូតដល់ ១១០០០ដុល្លារអូស្ត្រាលី (៦,៦៧២ ដុល្លារអាមេរិក) ដល់អ្នកដែលរំលោភបំពានលើច្បាប់រឹតបន្តឹងនេះ។
នៅរដ្ឋ New South Wales ដែលមានប្រជាជនជិត ២៥ ភាគរយនៃប្រជាជនអូស្ត្រាលី ប្រហែល២៥លាននាក់នោះ ប៉ូលិសក៏បានគំរាមកំហែងចាប់ដាក់ពន្ធនាគារ រហូតដល់៦ខែ ចំពោះបុគ្គលដែលរំលោភបំពានច្បាប់រឹតបន្តឹងនេះផងដែរ ។
ស្នងការប៉ូលិសរដ្ឋ New South Wales លោក Mick Fuller បានថ្លែង នៅក្នុងសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ថា “បទបញ្ជារឹតបន្តឹងការធ្វើចលនារបស់ប្រជាជននេះ មានរយៈពេល៩០ថ្ងៃ” ។
ប៉ូលិសនៅរដ្ឋ New South Wales និងរដ្ឋដទៃផ្សេងទៀត បានចាប់ផ្តើមចេញលិខិតពិន័យដល់បុគ្គលដែលពួកគេ សង្ស័យថា រំលោភបំពានលើបទបញ្ជា ដែលអាជ្ញាធរខ្លួនឯងហៅថា ជា“ទណ្ឌកម្ម”នោះ ។
ដូចប្រទេសនានាលើពិភពលោក អូស្រ្តាលីបានបញ្ជាឲ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ, បារ, រោងភាពយន្ត និងណែនាំឲ្យប្រជាជន នៅខាងក្នុងផ្ទះ លើកលែងតែប្រជាជនដើររកទិញម្ហូបអាហារ ឬហាត់ប្រាណជាប្រចាំថ្ងៃប៉ុណ្ណោះ ពីព្រោះអូស្ត្រាលីកំពុងព្យាយាមទប់ស្កាត់ជំងឺឆ្លងរាតត្បាត COVID-19 ។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ៥ ១០៨នាក់ បានឆ្លងជំងឺCOVID-19 ហើយក្នុងនោះ ២៣នាក់បានស្លាប់ នៅក្នុងប្រទេសអូស្ត្រាលី។
នៅរដ្ឋ New South Wales ដែលមានចំនួនប្រហែលពាក់កណ្តាលករណីឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសនោះ អាជ្ញាធរបានរាយការណ៍ថា មានករណី COVID-19 ថ្មីចំនួន១១៦នាក់ ត្រូវបានកត់ត្រា ក្នុងរយៈពេល២៤ម៉ោង គឺតិចជាងការកើនឡើង កាលពីថ្ងៃមុន ។ នៅទូទាំងប្រទេសអូស្ត្រាលី អាជ្ញាធរសុខាភិបាលបានថ្លែងថា អត្រាឆ្លង COVID-19 ហាក់ដូចជាមានការថយចុះ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែវាលឿនពេកនៅក្នុងការនិយាយឲ្យបានច្បាស់លាស់ជាងនេះ។
បញ្ហាមួយទៀតពាក់ព័ន្ធនឹងករណីនេះផងដែរ ការប្រឈមមុខមួយ នៅតែបន្តកើតឡើង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ រវាងអាជ្ញាធរអន្តោប្រវេសន៍ និងម្ចាស់នាវាដឹកអ្នកដំណើរទេសចរណ៍បរទេស ដែលបានបដិសេធចាកចេញពីដែនទឹកអូស្ត្រាលីខាងលិច បើទោះបីមានបទបញ្ជាឲ្យចាកចេញយ៉ាងណាក៏ដោយ ។
នាវាដឹកអ្នកទេសទេសចរណ៍នោះទទួលខុសត្រូវយ៉ាងតិច២០ភាគរយ ក្នុងករណីឆ្លងជំងឺ COVID-19នៅក្នុងប្រទេសអូស្ត្រាលីទាំងអស់ ហើយក៏ជាប្រភពនាំឲ្យសាធារណជនមានការខឹងសម្បាជាពន់ពេក ក្រោយអ្នកដំណើររាប់រយនាក់មកពីនាវា Ruby Princess ត្រូវបានអនុញ្ញាតឲ្យបោះយុថ្កានៅក្នុងទីក្រុងស៊ីដនី ហើយមនុស្សរាប់រយនាក់ ក្រោយមកធ្វើតេស្តរកឃើញវិជ្ជមានវីរុស COVID-19នោះ។
បន្ទាប់ពីឧប្បត្តិហេតុនេះ និងចំពេលមានការភ័យខ្លាចនាវាទេសចរណ៍គឺ ជានាវាផ្ទុកវីរុស COVID-19 ដ៏សាហាវនោះ, រដ្ឋាភិបាលសហព័ន្ធបានរារាំងនាវានេះ មិនឲ្យចូលចតនៅកំពង់ផែអូស្ត្រាលី ជាដាច់ខាត លើកលែងតែករណីអាសន្នតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ thach yat