ដំណឹងល្អធនាគារជាតិអំពាវនាវឲ្យធនាគារទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលអំឡុងពេលវីរុសកូរ៉ូណា
មន្ត្រីជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោកសូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសម្បែងរបស់អតិថិជន ក្នុងពេលដែលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មាន ពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។