Jaejoong កំពុងតែប្រឈមមុខជាខ្លាំង ជាមួយនឹងការដាក់ទណ្ឌកម្ម ដែលបានអនុវត្តដោយមជ្ឈមណ្ឌលកូរ៉េ (KCDC) ក្រោយពីលោក បានលេងសើចថាខ្លួនមានផ្ទុកវីរុសកូរ៉ូណា។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក Jaejoong ដែលជាសមាជិកក្រុម JYJ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើង នៅពេលដែលលោក បានប្រកាសថាខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែមានផ្ទុកវីរុសកូវីដ ១៩ ។ ភ្លាមៗនោះមានអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ ពីការព្រួយបារម្ភចំពោះស្ថានភាពជំងឺរបស់លោក។
ក្រោយមកលោក ក៏បានសារភាពថាវាគ្រាន់តែជាការធ្វើឡើងដើម្បីឲ្យមានភាពកំប្លែងសម្រាប់ខែមេសាប៉ុណ្ណោះ។ បន្ទាប់ពីបានឃើញបែបនេះហើយ មហាជនបាននាំគ្នាធ្វើការរិៈគន់យ៉ាងចាស់ដៃ ចំពោះទង្វើមួយនេះផងដែរ។
ក្នុងនោះលោកក៏បានចេញវីដេអូ សុំការអភ័យទោសជាសារធារណៈភ្លាមៗវិញទៅកាន់ទស្សនិកជនផងដែរ។ ប៉ុន្តែទោះបីជា Jaejoong បានសម្តែងការសុំទោសយ៉ាងណា ក៏ដោយ រូបលោកនៅតែអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ (KCDC)៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ allkpop