អំឡុងពេលដែលមានកូវីដ ១៩ កំពុងតែមានការរាតត្បាតនៅជុំវិញពិភពលោក មានគ្រប់វេបសាយនៅក្នុងប្រទេស និងក្រៅប្រទេសទាំងអស់បានចេញនូវព័ត៍មានណែនាំមួយចំនួនទាក់ទងនឹងវិធីសាស្ត្រក្នុងថែទាំសុខភាព ការការពារខ្លួន ការលាងសម្អាតសម្ភារ និងថែទាំសមាជិកទាំងអស់នៅក្នុងគ្រួសារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនៅក្នុងថ្ងៃនេះពីវិធីសាស្ត្រក្នុងការការពារ និងសម្អាតខ្លួនឲ្យបានត្រឹមត្រូវប្រសិនជានៅក្នុងផ្ទះរបស់អ្នកមានសមាជិកណាម្នាក់មានការសង្ស័យ ឬមានរោគសញ្ញាណាមួយដែលដូចជំងឺរលាកផ្លូវដង្ហើម (វីរុសកូវីដ ១៩)។ វិធីសាស្ត្រនោះរួមមាន៖
1, លាងសម្អាតដៃជាមួយសាប៊ូ និងផលិតផលផ្សេងៗដូចជា អាល់កុល និងជែលលាងដៃជាប្រចាំបន្ទាប់ពី ៖
– ក្អក និងកណ្តាស់
– អំឡុង និងក្រោយពេលអ្នករៀបចំម្ហូបអាហារសម្រាប់អ្នកជំងឺ
– មុនពេលញ៉ាំម្ហូបអាហារ
– បន្ទាប់ពីប្រើបង្គន់រួចរាល់
– អំឡុង និងក្រោយពេលថែទាំអ្នកជំងឺ
– នៅពេលដែលអ្នកឃើញដៃទាំងពីរកខ្វក់
2, ជៀសវាងការប៉ះពាល់ដោយផ្ទាល់ទៅលើអ្នកអ្នកជំងឺ និងចៀសវាងការចែករំលែករបស់របរផ្សេងៗដូចជាឧបករណ៍ប្រើប្រាស់ ចាន ស្លាបព្រា ភេសជ្ជៈនិងកន្សែងជូតដៃ ឬជូតមុខជាដើម។
3, នៅពេលអ្នកក្អក និងកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃបត់ ឬប្រើសម្ភារផ្សេងៗដែលអាចបោះចោលបាន ហើយត្រូវបោះចូលក្នុងធុង ឬថង់សម្រាមភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច។
ទាំងអស់នេះគឺជាវីធីសាស្ត្រដ៏ល្អរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញ និងដាស់តឿនទៅកាន់មនុស្សគ្រប់ៗរូបនៅលើពិភពលោកឲ្យមានការការពារខ្ពស់ និងទប់ស្តាត់ដើម្បីកុំឲ្យរីករាលដាលពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានដោយងាយស្រួល និងជាពិសេសគឺក្រុមគ្រួសាររបស់អ្នកផ្ទាល់តែម្តង។ មួយវិញទៀតប្រសិនជាមានគ្រួសារណាម្នាក់ដែលមានអាការៈធ្ងន់ធ្ងរដូចក្នុងករណីណែនាំនៃជំងឺកូវីដ ១៩ អ្នកត្រូវរាយការណ៍ និងទាក់ទងទៅទូរសព្ទលេខ ១១៥ ដើម្បីឲ្យក្រុមគ្រូពេទ្យជំនាញតាមដានពិនិត្យ និងព្យាបាលជាបន្ទាន់៕
ប្រែសម្រួលដោយ៖ Seyha