ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា ប្រជាជនអាមេរិកនឹងជួបប្រទះនូវទុក្ខសោកធ្ងន់ធ្ងរអំឡុងពេលពីរសប្តាហ៍ខាងមុខនេះទៀត ខណៈដែលសេតវិមានបានចេញការព្យារណ៍ថ្មីរបស់ខ្លួនថា អ្នកជំងឺ COVID-19នៅអាមេរិក អាចស្លាប់ចាប់ពី ១០០ពាន់នាក់ ដល់២៤០ពាន់នាក់ ។ អ្នកជំនាញ Anthony Fauci នៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើងមិនទទួលចំនួនការព្យាករណ៍នោះបានទេ, យើងអាចធ្វើបានប្រសើរឡើង មិនឲ្យអ្នកស្លាប់រហូតដល់ថ្នាក់នោះឡើយ » ។
បច្ចុប្បន្ននេះ អាមេរិកកំពុងអនុវត្តគោលការណ៍ណែនាំឲ្យប្រជាជនឃ្លាតចាកឆ្ងាយពីសង្គម ។ មន្ត្រីសុខាភិបាលអាមេរិក បានអះអាងថា ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត អាចនឹងតិចតួចជាងការព្យាករណ៍នេះ បើសិនពលរដ្ឋបានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ។ វេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួលរបស់សេតវិមានស្តីពីកងកម្លាំងប្រយុទ្ធប្រឆាំង COVID-19 បានថ្លែងថា «យើងពិតជាអាចធ្វើការងារបានល្អប្រសើរជាងចំនួនព្យាករណ៍នោះបាន»។
ប្រធានាធិបតី ត្រាំ បានអំពាវនាវពលរដ្ឋអាមេរិកឲ្យចូលរួមខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយការកើនឡើងវីរុស COVID-19 សង្គ្រោះអាយុជីវិត ដោយអនុវត្តតាមគោលការណ៍ណែនាំរដ្ឋាភិបាល ។ លោក ត្រាំ បានថ្លែងថា «ខ្ញុំចង់ឲ្យប្រជាជនអាមេរិកគ្រប់រូបត្រៀមខ្លួនឲ្យហើយ ចំពោះពេលវេលាដ៏តក់ស្លុតអំឡុងថ្ងៃខាងមុខនេះ ។ យើងកំពុងឆ្ពោះទៅរកស្ថានការណ៍ដ៏ខ្លោចផ្សា អំឡុងពេល២សប្តាហ៍ខាងមុខនេះ» ។
វេជ្ជបណ្ឌិត Deborah Birx បានបញ្ជាក់ថា តាមការព្យាករណ៍ដំបូង អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចស្លាប់ពី ១,៥លាននាក់ ដល់២,២លាននាក់ ។ ប៉ុន្តែលោក Birx អះអាងថា ចំនួននោះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយ ដែលមិនបានផ្សាភ្ជាប់ពីការខិតខំទប់ស្កាត់ តាមរយៈការឃ្លាតឆ្ងាយពីសង្គមនោះឡើយ ។
ចំណែកការព្យាករណ៍ ដែលថា អ្នកជំងឺ COVID-19 អាចមានអ្នកស្លាប់ចាប់ពី១០០ពាន់នាក់ ដល់២៤០ពាន់នាក់នោះវិញ, អ្នកជំនាញនៅវិទ្យាស្ថានសុខាភិបាលជាតិ បានអះអាង «យើងមិនទទួលចំនួនការព្យាករណ៍នោះបានទេ, នោះគឺជាអ្វីដែលយើងកំពុងតែធ្វើ… យើងអាចធ្វើបានប្រសើរឡើង មិនឲ្យអ្នកស្លាប់រហូតដល់ថ្នាក់នោះទេ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ប្រធានាធិបតី ត្រាំ បានបន្ថែមគោលការណ៍ណែនាំស្តីអំពីការឃ្លាតឆ្ងាយពីសង្គមរបស់ប្រជាជនអាមេរិក រហូតដល់ថ្ងៃទី៣០ ខែមេសា ។ ពលរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការជួបជុំ បញ្ឈប់ការសិក្សានៅតាមសាលារៀន, ធ្វើការពីផ្ទះ ក៏ដូចជាវិធានការដទៃផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ។
ជំងឺ COVID-19 នៅអាមេរិកបានកើនឡើង ១៨៨ ៧១៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៩៦នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៧ ០៨២នាក់បានជាសះស្បើយវិញផងដែរ គិតមកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ របស់ប្រភព wikipedia ៕ ប្រែសម្រួលដោយ៖ thach yat